ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវទំនងខ្យល់គក៏រ៉េចង្កូតម៉ូតូទៅបុកខឿន ចិញ្ចើមផ្លូវចំពេញទំហឹងអូសបោកផ្ទប់ចំទ្រូង បណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង២០នាទីយប់
ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចក្បែរវិទ្យាល័យហ៊ុនសែន១០០ខ្នង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ គង់ វង់វីរៈ អាយុ៤០ឆ្នាំជាមន្ត្រីយោធា មានទីលំនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូវេវRS មួយគ្រឿង ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4155 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅខាងស្ដាំ ដួលបោកនិងខឿនចិញ្ចើមផ្លូវអូសជិត១០ម៉ែត្របណ្ដោលអោយជនរងគ្រោះបោកផ្ទប់ចំទ្រូងពេញទំហឹងដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះ ទំនង ខ្យល់គរបណ្ដាលអោយវិលមុខហើយក៏ដួលម៉ូតូតែម្ដង។
ក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យនិងកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពជនរងគ្រោះអោយទៅ ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕




































