សារព័ត៌មានតំបន់ឲ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ី មានការលំបាកជាខ្លាំងនៅពេលចុងក្រោយនេះ ដោយសារតែបញ្ហានៅអ៊ុយក្រែន និងការធ្លាក់ចុះនៃថ្លៃប្រេង ដែលធ្វើឲ្យប្រទេសធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ការឡើងមកវិញថ្មីៗ នេះ នៃប្រាក់រូប្លិ បានធ្វើឲ្យការលំបាកក្នុងប៉ុន្មានខែកន្លងទៅ បានធូរស្រាលមួយចំណែក និងបានធ្វើឲ្យមានក្តីសង្ឃឹមក្នុងចំណោមមន្ត្រីរុស្ស៊ី ថា អាចនឹងមានពន្លឺខ្លះក្នុងរូងភ្នំដ៏ងងឹត។
អ្នកវិភាគមួយចំនួនតូច បានភ្នាល់អំពីការរើបមកវិញ បន្ទាប់ពីប្រាក់រូប្លិ បានបាត់បង់អស់ ៤០% នៃតម្លៃរបស់ខ្លួន ក្នុងឆ្នាំ ២០១៤ និងនាំឲ្យមានការដួលរលំនៅឆ្នាំនេះ។ បន្ទាប់ពីបានធ្លាក់មួយភ្លែតដល់ប្រមាណ៨០ រូប្លិ ក្នុងមួយដុល្លារសហរដ្ឋអាមេរិក និង១០០ រូប្លិ ក្នុងមួយ អឺរ៉ូ កាលពីខែធ្នូ
ប្រាក់រូប្លិពេលនេះបានឡើងមកវិញ ដល់ប្រមាណ៥៧ រូប្លិ ក្នុងមួយដុល្លារ និង៦២ រូប្លិក្នុងមួយអឺរ៉ូ។ អ្នកជំនាញបានប៉ាន់ស្មានថា ការថយចុះនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំនេះ អាចនឹងមានតិចជាង ៣% នៃតួលេខដែលបានព្យាករជាផ្លូវការ នៅតែធ្លាក់ចុះ តែមិនអាក្រក់ដូចបានបារម្ភទេ។ ការវិលទៅរកស្ថិរភាពដោយស្ងប់ស្ងៀម នៃសេដ្ឋកិច្ចរុស្ស៊ី បន្ទាប់ពីចលាចល កាលពីចុងឆ្នាំ ត្រូវបានអ្នកវិភាគមួយចំនួន និយាយថា នឹងអនុញ្ញាតឲ្យអាជ្ញាធរទាំងឡាយ មានច្រកដើម្បីការពារខ្លួនពីស្ថានភាព អាក្រក់បំផុត។
ការនៅស្ថេរនៃអតិផរណា មានន័យថា ជាលើកទីពីរ នៅក្នុងរយៈពេលពីរបីខែ ធនាគារកណ្តាល អាចនឹងកាត់អត្រាប្រាក់សំខាន់ៗ បន្ទាប់ពីការឡើងយ៉ាងខ្ពស់កាលពីខែធ្នូ។ ធនាគារិកមួយចំនួន និយាយថា មានការថយចុះនៃសេដ្ឋកិច្ច មិនជ្រៅដូចដែលបានរំពឹងទុកទេ។ វិបត្តិនៃទំនុកចិត្ត មិនទាន់អាក្រក់ឡើងទេ។ នេះជាដំណឹងល្អសម្រាប់រុស្ស៊ី៕