ការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្លាមួយបានកើតឡើង រវាង កងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា ជាមួយនឹង កងទ័ពជនជាតិដើមភាគតិច អារ៉ាកាន់ នៅជិតព្រំដែន មីយ៉ាន់ម៉ា ជាមួយនឹង ប្រទេស បង់ក្លាដែស កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៥ នេះឲ្យដឹងថា ឆាកប្រយុទ្ធ គ្នា នេះបានផ្ទុះឡើងមួយថ្ងៃ បន្ទាប់ពីមាន កិច្ចចរចាសន្ដិភាពរយៈពេល ៧ថ្ងៃ លើកទី៧ រវាងអ្នក ចរចាសន្ដិភាព របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិ ដើមភាគតិច អារ៉ាកាន់ នៅក្នុងទីក្រុងយ៉ាំងហ្គូន បន្ទាប់ពីបានសម្រាកមួយសប្ដាហ៍។
នៅក្នុងអំឡុងការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធអារ៉ាកាន់ កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ មានការបាញ់ផ្លោង គ្រាប់កាំភ្លើងត្បាល់ ទៅលើកងទ័ពរដ្ឋាភិបាល មីយ៉ាម៉ា ដែលជាការ បង្ខំ ឲ្យមានការបាញ់តបទៅវិញ បណ្ដាលឲ្យខាងក្រុមប្រដាប់អាវុធ ម្នាក់ត្រូវបានចាប់ខ្លួន និងទាហាន រដ្ឋាភិបាល មីយ៉ាន់ម្នាក់បានស្លាប់ តែយ៉ាងណាមិញ នៅមិនមានប្រភពណា មួយបានបង្ហាញ ពីទំហំនៃ ការស្លាប់ និងខូចខាតនោះទេ៕




































