ខេត្តសៀមរាប៖ មេព្រៃសង្កាត់ស្រែណូយ លោកខុង សារ៉ាត់ បានឲ្យដឹង កាលពីរពេលថ្មីៗនេះថា ដេប៉ូ១កន្លែង យីហោឈ្មោះ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេក លក់មិនចំណេញ។លោកខុង សារ៉ាត់ មេព្រៃស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់ផង ចាំលោកឲ្យមន្ត្រីចុះទៅចាប់។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ី កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូណាស់មកហើយ មិនដែលមាន សមត្ថកិច្ចណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។
សេចក្ដីរាយការណ៍បានបន្ថែមថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ(ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះរិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះសេងសាវុធ ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ។
សេក្ដីរាយការណ៍ដដែលបានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់ខាងលើ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង។
ប្រភពបានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀមរាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្ត កែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ៕