ឯកឧត្តមបណ្ឌិតចេងញ៉ាន់អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្តនិង កង កំលាំងទាំង៣ប្រភេទនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថៃ្ងទី៣០ ខែមីនា ឆ្នាំ២០១៥ បានទទួល គណៈប្រតិភូមួយក្រុមរបស់ទីក្រុងកិនថឺប្រទេសវៀតណាមដឹកនាំដោយឯកឧត្តម ត្រឹង វ៉ុតជុង អនុលេខាបក្សទីក្រុងកិនថឺនិងឯកឧត្តម ហ្វាម វាំងហ៊ីវ ប្រធានក្រុមប្រឹក្សាគណៈកម្មាធិការប្រជាជនក្រុងកិនថឺនិងប្រតិភូអមដំណើរជាច្រើនរូបទៀតបានមកបំពេញទស្សនកិច្ចជាមិត្តភាពនៅខេត្តកំពង់ឆ្នាំងដើម្បីរិតចំណងសាមគ្គីភាពរវាងខេត្តកំពង់ឆ្នាំងនិងទីក្រុងកិនថឺប្រទេសវៀតណាម។
មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ បានថ្លែងថា៖វត្តមានរបស់ប្រតិភូរបស់ទីក្រុងកិនថឺប្រទេសវៀតណាមនៅពេលនេះបានបញ្ជាក់ច្បាស់ពីចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២កម្ពុជាវៀតណាមនិយាយដោយឡែករវាងទីក្រុងកិនថឺនិងខេត្តកំពង់ឆ្នាំងអោយកាន់តែមានភាពរឹងម៉ាំនិងជិតស្និតថែមទៀត។
ឯកឧត្តមត្រឹងវ៉ុតជុងអនុលេខាបក្សទីក្រុងកិនថឺបានមានប្រសាសន៍កោតសរសើរចំពោះការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាទាំងបីជាប្រមុខដឹកដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែកខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍន៍និងរីកចំរើនយ៉ាងឆាប់រហ័សផងដែរ។ឯកឧត្តមបានបន្តទៀតថាទីក្រុងកិនថឺនិងខេត្តកំពង់ឆ្នាំងនិងបន្តសហការយ៉ាងជិតស្និតជាមួយគ្នាបន្តទៀតដើម្បីចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសយើងទាំងពីរអោយមានកំរិតទាបបំផុត។
ចំពោះសំណើររបស់ឯកឧត្តមបណ្ឌិតចេងញ៉ាន់អភិបាលរងខេត្តកំពង់ឆ្នាំងសុំជួយបណ្តុះបណ្តាលធនធានមនុស្សឯកឧត្តមនិងយកទៅពិនិត្យពិភាក្សាជាមួយថ្នាក់នាំក្រុងកិនថឺដើម្បីបន្តជួយបណ្តុះបណ្តាលធនធានមនុស្សតាមការស្នើសុំរបស់
ឯកឧត្តម។
ចុងបញ្ចប់ឯកឧត្តមបានជូនពរនិងសូមប្រសិទិ្ធពរជ័យសិរីមង្គលគ្រប់ប្រការដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខែ្មរខាងមុខនេះ។គណៈប្រតិភូក៏បានផ្តល់ជូននូវថវិកាចំនួន៥ពាន់ដុល្លាដល់ខេត្តកំពង់ឆ្នាំងនិងជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តនិងថ្នាក់នាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងដែលបានចូលរួមផងដែរ៕



































