សៀមរាប ការវិលមកវិញនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ឆ្នាំមមែ ពស ២៥៥៩ ត្រូវនឹង គស ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ឱកាសឲ្យយុវជនកម្ពុជា កសាងមោទនភាពរបស់ខ្លួន តាមរយៈនៃកម្មវិធី (អង្គរសង្ក្រាន្ត រាំ ឯកគ្គទកម្ម) ។ ជាមួយនឹងឱកាសដ៏មានតម្លៃនេះ គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានកិត្តិយសដោយបានការចូលរួមពីសំណាក់យុវវ័យ សិស្សនិងនិស្សិត ២០១៥ នាក់ សម្រាប់ការរាំសង្វាក់ម៉ាឌីហ្សូន ដណ្តើមយកឯកគ្គទកម្មពិភពលោក ក្រោមឆ័ត្រនៃយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ក្នុងប្រធានបទទី៤ របស់ខ្លួន ( កីឡាដើម្បីសុខភាព ) ។

សិស្សនិស្សិត ២០១៥នាក់នោះ មកពីវិទ្យាល័យ វិទ្យាស្ថានសិក្សា សាកលវិទ្យាល័យនានាក្នុងក្រុងសៀមរាប ដែលក្នុងនោះ ក៏មានវត្តមានរបស់គរុសិស្សនៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាបផងដែរ ។ បេក្ខជន បេក្ខនារី ដែលជាសិស្សនិងនិស្សិតទាំង២០១៥នាក់នោះ ត្រូវបានបែងចែកជា១៤ក្រុម និងបានឆ្លងកាត់ការហាត់រាំ ជាច្រើនថ្ងៃ ដោយមានការជួយសម្របសម្រួលពីសំណាក់ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។
ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិនានេះ ក្រុមរាំម៉ាឌីហ្សុនទាំង១៤ក្រុម បានឆ្លងកាត់ការប្រកួតដណ្តើមយកពានរង្វាន់ និងជ័យលាភីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ។ ការរៀបចំកម្មវិធីប្រកួតរាំម៉ាឌីហ្សុន ត្រូវបានការគាំទ្រពីសំណាក់អាជ្ញាធរខេត្ត និង មានការជួយជ្រោមជ្រែងសហការដោយមន្ទីរវប្បធម៌និងវិចិត្រសិសល្បៈខេត្តសៀមរាប ផងដែរ ។
ឯកឧត្តម ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា តំណាក់ការនៃការប្រកួតរាំនេះ គឺជាការលើកទឹកចិត្តចំពោះសេចក្តីក្លាហាន ការលះបង់ពេលវេលាចូលរួម ដែលជាពិសេសនោះការគាំទ្រនៃយុវវ័យជាមួយកម្មវិធី អង្គរសង្ក្រាន្ត រាំ ឯកគ្គទកម្ម ។ ឯកឧត្តមបានបន្តថា ៖ វាក៏ជាឱកាសនៃជួបជុំ យល់ចិត្តថ្លើមគ្នា នឹងហាត់រៀន
ជាមួយគ្នាដោយភាពកក់ក្តៅ សប្បាយរីករាយ ជាគ្រួសារនៃយុវវ័យ ។ លទ្ធផលនៃការប្រកួតរាំនេះ វាជាការបោះជំហានមួយ សំដៅទៅរកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រាំ ឯកគ្គទកម្ម ហើយតាមរយៈនៃលទ្ធផលនេះដែរ វាក៏ជាផ្លែផ្កាដែលក្មួយៗបានហាត់រៀនរាំជាក្រុមៗ របស់ពួកគេ ដោយមានការជ្រើសរើសបទរាំម៉ាឌីហ្សុន ផ្សេងៗគ្នា ។
នៅរសៀលថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៥ គឺជាវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតរាំម៉ាឌីហ្សុន ។ វគ្គប្រកួតចុងក្រោយនេះ ក្នុងចំណោមបេក្ខជនទាំង១៤ក្រុម ត្រូវបានជម្រុះនៅសល់តែ៥ក្រុមប៉ុណ្ណោះ ដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ ។ លទ្ធផលប្រកាសចុងក្រោយ គឺគរុសិស្សនៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប ទទួលបានចំណាត់លេ១ ក្នុងនេះរួមមានពានជ័យលាភី១ និងថវិកា៤លានរៀល វិទ្យាល័យអង្គរ មានចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៣លានរៀល និង ក្រុមទី១នៃវិទ្យាល័យ ហ៊ុនសែន សៀមរាប ទទួលបានចំណាត់លេខ៣ អមដោយថវិកា២លានរៀល ។
លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប និងជាប្រធានគណកម្មការបច្ចេកទេសឲ្យពិន្ទុ បានបញ្ជាក់ថា ៖ ការប្រកួតរាំម៉ាឌីហ្សុននេះ គឺគ្រាន់តែជាដំណាក់កាលនៃការលើកទឹកចិត្ត ដែលបេក្ខជន បេក្ខនារី ជាសិស្សនិងនិស្សិត បានខិតខំចំណាយពេលវេលា ព្រមជាមួយនឹងកម្លាំងកាយចិត្តហាត់រៀនរាំ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនោះ គឺមោទនភាពនៃយុវជនកម្ពុជា ក្នុងឱកាសកម្មវិធី អង្គរសង្ក្រាន្ត រាំ ឯកគ្គទកម្ម ។
លោកស្រី បានផ្តាំផ្ញើទៅកាន់ក្មួយៗយុវវ័យទាំង២០១៥នាក់ ត្រូវបំបែកការរាំជាក្រុម តាមបទចម្រៀងម៉ាឌីហ្សុនផ្សេងគ្នា ក្បាច់រាំផ្សេងគ្នា ទៅជាការរាំជាសមូហភាព ( រាំក្រុមធំ ២០១៥នាក់ ) ដូចនេះវាត្រូវការទាមទារ ឲ្យក្មួយៗទាំងអស់ ហាត់សមជាបន្តទៀត ក្នុងក្រុមធំតែមួយ
បច្ចេកទេសរាំតែមួយ បទចម្រៀងសង្វាក់ម៉ាឌីហ្សុនតែមួយ ។ សង្ឃឹមថា តាមរយៈនៃការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពរាំរបស់យុវជនកម្ពុជា ឯកគ្គទកម្មពិភពលោក រាំសង្វាក់ម៉ាឌីហ្សូន នឹងត្រូវបានធ្វើដំណើរចូលមកក្នុងកម្មវិធី អង្គរសង្ក្រាន្ត រាំ ឯកគ្គទកម្ម ឆ្នាំ២០១៥ នេះ ៕ដោយគឿនវ៉េត



































