សៀមរាប ថ្មីៗនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ចេញនូវបទបញ្ជា ទៅកាន់បណ្តាសាខាកាំកុងត្រូលទូទាំងប្រទេស ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត និងធ្វើសកម្មភាពជាក់ស្តែងនៅលើបណ្តាគ្រប់ទីផ្សារ ក្រោមកិច្ចសហការជាមួយបណ្តាស្ថាប័ន និង សមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ស្របពេលដែលមានការលេចឮនូវព័ត៌មានអវិជ្ជមាននានា ព្រមជាមួយនឹងព័ត៌មានស្តីអំពីករណីយដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយសារការពុលអាហារជាញឹកញាប់នោះ ។ លោក ជុំ ឌីវីរីស អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រតិបត្តិការមួយ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៥ នៅផ្សារសាមគ្គី និងនៅផ្សារចាស់ ( ក្រុងសៀមរាប ) ។
លោក ជុំ ឌីវីរីស បានបញ្ជាក់បន្ថែមអំពីកិច្ចប្រតិបត្តិការណ៍នេះថា ៖ ការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងក្រុងសៀមរាបលើកនេះ រួមមានកម្លាំងសមត្ថកិច្ច មកពីអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចូលរួម និងមានវត្តមានរបស់មន្ត្រីជំនាញមកពីមន្ទីរពាណិជ្ជកម្មខេត្ត ផងដែរ ។ លោកបានបន្តថា នៅផ្សារ
សាមគ្គី ក៏ដូចជានៅផ្សារចាស់ កម្លាំងចម្រុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារមួយក្រុមនេះ ត្រូវទទួលបាននូវស្មារតីសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរផ្លែឈើ និងអ្នកលក់អាហារស្រស់(មច្ឆជាតិសមុទ្រ) យ៉ាងល្អប្រសើរ ។ លោកបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះ គឺជាការអនុវត្តផែនការដែលអគ្គនាយកកាំកុងត្រូលបានដាក់ចុះ ។ ប្រតិបត្តិការលើកនេះ
សាខាកាំកុងត្រូលខេត្តសៀមរាប ត្រូវនាំយកផ្លែឈើគ្រប់ប្រភេទ ដែលនាំចូលពីបរទេស និងទឹកសំណល់រក្សាគុណភាពអាហារស្រស់(គ្រឿងសមុទ្រ) ទៅធ្វើកោសល្យវិច្ឆ័យនៅមន្ទីរពិសោធន៍ឯរាជធានីភ្នំពេញ ដើម្បីស្រាវរកមើលឲ្យបានច្បាស់ ថាតើផ្លែឈើដែលនាំចូលពីបរទេស និងអាហារស្រស់គ្រឿងសមុទ្រទាំងនោះ មានបង្កប់ដោយសារធាតុគីមីដែរឬអត់ ? ឬ ក៏មានបញ្ចូលដោយសារធាតុអ្វីផ្សេងទៀត ដែរឬទេ ? ដែលបណ្តាលឲ្យអ្នកបរិភោគ ទទួលរងគ្រោះថ្នាក់ ដល់សុខភាពនោះ ។
អ្នកលក់ផ្លែឈើបាននិយាយប្រាប់ថា ផ្លែឈើទាំងនោះ ភាគច្រើនគឺនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម ! ពួកគាត់នាំចូលមក គឺដាក់លក់តែម្តង ឥតមានប្រើប្រាស់វិធីអ្វីផ្សេងៗទៀតឡើយ ។ ចំណែកឯអ្នកលក់អាហារស្រស់(គ្រឿងសមុទ្រ) គាត់និយាយថា អាហារស្រស់គ្រឿងសមុទ្រទាំងនេះ គឺយកមកពីកំពង់សោម ឥតមាននាំចូលពីបរទេសទេ ។
លោក ជុំ ឌីវីរីស អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺវាមានសារសំខាន់ណាស់ ថ្វីត្បិតតែយើងពុំទទួលបានលទ្ធផលពិតប្រាកដភ្លាមៗ តែប្រតិបត្តិការនេះវានឹងបានបង្ហាញគោលដៅបន្តទៀត ដែលអគ្គនាយកដ្ឋានកាំកុងត្រូល បានត្រៀមរួចជាស្រេច ជាមួយនឹងវិធានការនានាផងដែរ ដើម្បីធានាសុវត្ថិភាពចំណីអាហារ រក្សា
សុខភាពជូនប្រជាពលរដ្ឋកម្ពុជា ហើយការធ្វើបានល្អនៃកិច្ចធានាសុវត្ថិភាពចំណីអាហារនេះ វាក៏ជាផ្នែកមួយយ៉ាងធំ លើការគាំទ្រកម្មវិធីនយោបាយកាត់បន្ថយភាពក្រីរបស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋ និងជាចំណែកនៃការទ្រទ្រង់ភាពរីកចម្រើន លើវិស័យទេសចរណ៍ជាតិ ផងដែរ ។ ដោយគឿនវ៉េត