ភ្នំពេញ ៖ យុវជន២នាក់អួតអាងថាខ្លួនជំនាញខាងលក់ថ្នាំញៀនគ្មានអ្នកណាហ៊ានចាប់ បានលេចឮដល់ប៉ូលិស ហើយត្រូវប៉ូលិសចាប់ខ្លួនរកហូតបានថ្នាំញៀនម៉ាទឹកកក៨កញ្ចប់និងCHAESAG៩ដប កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រថ្ងៃទី០២មេសានេះនៅចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស វិនដា អាយុ២៤ឆ្នាំមុខរបរពុំពិតប្រាកដ ស្នាក់នៅម្តុំអង់តែនទួលគោក ខណ្ឌទួលគោក និង ឈ្មោះត្រាង សឺដឺ អាយុ២៤ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅជាមួយគ្នា ។
ប៉ូលិសបន្តថា ដំបូងពួកគេទាំង២នាក់ទៅអង្គុយផឹកទឹកត្នោតជូររហូតដល់ស្រវឹងក៏អួតអាងថាខ្លួនល់កថ្នាំញៀនគ្មានអ្នកណាមកចាប់ពួកគេបានម្តងណាឡើយ។ ឮដូច្នេះប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់មេភូមិ ហើយមេភូមិក៏ប្តឹងប៉ូលិសមកធ្វើការឆែកឆេរឃើញមានថ្នាំញៀនប្រភេទម៉ាទឹកក៨កញ្ចប់និងCHAESAG ៩ដបក៏ឃាត់ខ្លួនតែម្តង៕