ខេត្តបន្ទាយមានជ័យ៖មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តយីឌុបទៅបុកម៉ូតូស្របទិសគ្នារួចរេទៅបុកនិងរថយន្តខូចចតនៅតាមចិញ្ចើមផ្លូវទៀតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលា
ម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០១៥នៅតាមដងផ្លូវជាតិលេខ៥ត្រង់ចំណុចបង្គោលភ្លើងលេខ០១២Eស្ថិតនៅភូមិសូរិយាឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។លោកអីុឆេងសុខាអធិការស្រុអូរជ្រៅបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តយីឌុបពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 3B-8695 ទៅបុកនិងម៉ូតូហុងដាឌ្រីម C១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ៥H-៦៩០៦រួចរ៉េចង្កូតទៅបុករថយន្តដែលខូចនៅចិញ្ចើមផ្លូវបន្តមានស្លាកលេខបាត់ដំបង ៣A-១២៦៦ បណ្តាលឲ្យស្លាប់ម្នាក់ (ស្រី) និងរងរបួសធ្ងន់២នាក់ ។លោក អ៊ី ឆេងសុខាបានប្រាប់ឲ្យដឹងបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កដោយអ្នកបើករថយន្តយីឌុបខាងលើនេះបើកបរមិនប្រុងប្រយ័ត្នជាពិសេសនោះគឺបើកបរក្នុងល្បឿនលឿនហួសកំណត់ផងដែរ ។លោកអធិការបានបន្តថាជនរងគ្រោះឈ្មោះយៃកៃ ភេទស្រី អាយុ ៥៥ឆ្នាំ អ្នកជិះក្រោយ (ស្លាប់) ត្រូវជាប្រពន្ធជនរងគ្រោះមាន ឈ្មោះមិត្តវេតភេទប្រុសអាយុ ៥៥ឆ្នាំអ្នកបើកបរម៉ូតូ (រងរបួសធ្ងន់) អ្នកទាំង២នាក់នេះ ត្រូវជាប្តី-ប្រពន្ធនឹងគ្នា មានទីលំនៅភូមិដឿ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ។រីឯជនរងគ្រោះរថយន្តខូចម្ចាស់ឈ្មោះសំ ឃុន ភេទប្រុសអាយុ ៤៧ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ មានទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចំណែកអ្នកបើករថយន្តបង្ករត់បាត់បន្សល់ទុកតែរថយន្ត ។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងនិងអន្តរាគមន៍រថយន្តសង្គ្រោះបន្ទាន់នៃស្នងការខេត្តបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុ ជប៉ុនមង្គលបូរីដើម្បីសង្គ្រោះជីវិត ។ក្រោយពីវាស់វែងសមត្ថកិច្ចបានប្រមូលយករថយន្តបង្ក និងម៉ូតូរងគ្រោះ រថយន្តយកទៅរក្សាទុក នៅអធិការដ្ឋាន នគរ បាលស្រុកអូរជ្រៅ ដើម្បីរង់ចាំការដោះស្រាយគ្នា ចំពោះមុខច្បាប់នាពេលក្រោយ ៕គង្គា



































