កំពង់ឆ្នាំង៖ អាំងវែកទ័រឆក់ត្រីចំនួន៧៦២គ្រឿង និងសំណាញ់ឆក់មួយគ្រឿងទៀត ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទទួលបានពីនគរបាលប៉ុស្តិមូលដ្ឋាន បានធ្វើការប្រគល់ជូនសមត្ថកិច្ចរដ្ឋបាល ជលផលក្រោយបានផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០៩ចុះថ្ងៃទី១៤ ខែ
មករា ឆ្នាំ២០១៥ របស់លោក អភិបាលខេត្តកំពង់ឆ្នាំង ដល់ប្រជាពលរដ្ឋ ស្តពីការចាត់វិធានការណ៍លុបបំបាត់ឧបករណ៍ឆក់ត្រីរួចមក។ ការប្រគល់ជូនឧបករណ៍ឆក់ត្រីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ក្នុងស្នងការដ្ឋាន នគរបាលខេត្ត ដោយមានការចូលរួមពីលោក ជុន ថារិទ្ធ ស្នងការរងនគរបាល ខេត្ត លោក លី ឡា នាយ រងខ័ណ្ឌរដ្ឋបាលជលផល និងលោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ចខេត្ត។ដោយឡែកឧបករណ៍ឆក់១៦៦គ្រឿងទៀតគឺជលផលប្រមូលបានសរុបរួមមានចំនួន៩២៨គ្រឿង។
លោក ជុន ថារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងអោយដឹងថា៖ក្នុងការចាត់វិធានការណ៍លុបបំបាត់ឧបករណ៍ឆក់ត្រី តាមសេចក្តីណែនាំលេខ០៩របស់ឯកឧត្តមអភិបាលខេត្តអាជ្ញាធរស្រុកក្រុងទាំង៨បានចាត់វិធានការណ៍ គឺការចុះផ្សព្វផ្សាយក្នុងវេទិកាគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងបានចុះចែកសេចក្តីណែរនាំជូនប្រជាពលរដ្ឋតាមផ្ទះ និងមុខសញ្ញាឆក់ត្រីបានជាច្រើនម៉ឺនសន្លឹក។ក្នុងនោះដែរនគរបាលប៉ុស្តិរដ្ឋបាលសហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ចុះស្រង់មុខសញ្ញាដែលមានឧបករណ៍ឆក់ត្រីនៅក្នុងស្រុក ក្រុងទាំង៨ផងដែរ។
ក្រោយពីអាជ្ញាធរស្រុកក្រុង បានអនុវត្តចលនាប្រជាពលរដ្ឋតាមខ្លឹមសាលិខិតដែលបានចែកជូនរួចមក ឧបករណ៍ឆក់ត្រីចំនួន៧៦២គ្រឿង ត្រូវបានប្រជាពលរដ្ឋតាមបណ្តាស្រុកក្រុងទាំង៨ ស្ម័គ្រចិត្តយកមកប្រគល់ជូនសមត្ថកិច្ចប៉ុនគរបាលស្តិរដ្ឋបាលជាបន្តបន្ទាប់ ហើយថ្ងៃនេះស្នងការដ្ឋានបានប្រគល់ឧប ករណ៍ឆក់នេះជូនខ័ណ្ឌរដ្ឋបាលជលផលជាអ្នកចាត់ការបន្តតាមផ្លូវច្បាប់។
លោក លី ឡា បានបញ្ជាក់អោយដឹងទៀតថា៖ក្នុងការអនុវត្តនូវសេចក្តីណែនាំនេះ ខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រុងទាំង៨ជាប្រចាំ និងបានលើកវិធានការសំរាប់អនុវត្តបន្ត ទី១គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង ត្រូវប្រើប្រាស់កំលាំងសរុប វិធានការណ៍សរុប មធ្យោបាយសរុបដោយសហការជាមួយកងកំលាំងទាំង៣ បន្តអនុវត្តអោយបានខ្លាំងក្លា និងផុលផុសបន្ថែមទៀត។ទី២គឺត្រូវចុះជួបមុខសញ្ញា ផ្ទាល់ដល់ផ្ទះតែម្តង និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការប្រព្រឹត្តបទល្មើស។ទី៣គឺត្រូវប្រើវិធានការណ៍ឃ្លាំមើល មុខសញ្ញាដែលបានប្រគល់អោយហើយ និងមុខសញ្ញាដែលកំពុងលាក់ទុកឧបករណ៍ឆក់ត្រី។ដោយឡែកឧបករណ៍ឆក់ត្រីដែលសមត្ថកិច្ចជំនាញ រដ្ឋបាលជលផល អាជ្ញាធរ និងកងកំលាំងប្រដាប់អាវុធទាំងបីប្រមូលបានមានរហូតដល់៩២៨គ្រឿង និងសំណាញ់ឆក់១គ្រឿងទៀត ហើយឧបករណ៍នេះនឹងត្រូវបំផ្លាញចោលនៅវេលាថ្ងៃស្អែក។
វិធានការណ៍ខាងលើនេះ អាជ្ញាធរនឹងសមត្ថកិច្ចត្រូវ បន្តអនុវត្តរហូតតទៅទៀត ខ័ណ្ឌរដ្ឋបាលជលផលនឹងធ្វើការបូកសរុបទៀតជាបន្តបន្ទាប់ទៀត ថាតើការស្ម័គចិត្តរបស់ប្រជាពលរដ្ឋក្នុងការប្រគល់ នូវឧបករណ៍ល្មើសច្បាប់នេះបានប៉ុន្មាន។លោកបានក៏អំពានាវដល់បងប្អូនប្រជាពលរដ្ឋត្រូវ បឈ្ឈប់ជាបន្ទាន់នូវការ ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍ឆក់ត្រី ដែលអ្នកប្រព្រឹត្តត្រូវប្រឈមនឹងការផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់លេខ២ ត្រង់មាត្រាទី១០០ ចំណុច៤ ដែលត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ឬពិន័យជាប្រាក់ពី៥លានទៅ៥០លានរៀល។ ដោយឡែកអ្នកកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីវិញ ត្រូវប្រឈមនឹងការផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់លេខ១ ត្រង់មាត្រាទី៩៨ ចំណុច៤ ដែលត្រូវដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល
៕




































