ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវបានប្តីកំណាចវាយដំ ទាត់ធាក់រងរបួសជាំសុះសាច់ ហើយបានស្លាប់កាលពីវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ នៅចំណុចផ្ទះរបស់ខ្លួន ក្នុងភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ចំណែកឯប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើ
កោសល់វិច័យទៅលើសាកសពឃើញមានស្នាមរបួសជាំពេញខ្លួន។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ លោក គង់ សំណាង បានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ សំ រួន អាយុ៤៧ឆ្នាំ ចំណែកប្តីដែលជាជនដៃដល់ ឈ្មោះ អ៊ុច សុខហេង អាយុ៤៨ឆ្នាំ មានកូន៣ នាក់ ប្រុស១ ស្រី២ មានស្រុកកំណើតរស់នៅភូមិដំណាក់អំពិល ឃុំរលកសរ ស្រុក សំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។ លោកបានបន្តទៀតថា ក្រោយពីធ្វើកោសល់វិច័យរួចរាល់ បញ្ជាក់ ឱ្យដឹងថា សពស្ត្រីរងគ្រោះខាងលើ រងរបួសជាំពេញដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេសចង្កេះជាំធ្ងន់ធ្ងរខ្លាំងជាងគេ ក្រោយពីបានសួរនាំកកូនជនរងគ្រោះក៍បានប្រាប់ថាឪពុកបានវាយម្តាយកាលពីសប្តាហ៍មុន។

ចំណែកបុរសជាប្តី បានសារភាពថា កាលពីថ្ងៃទ២២ ខែមីនា ឆ្នាំ២០១៥ កន្លង ទៅនេះ រូបគេបានចេញពីផ្ទះធ្វើចម្ការ ដូចសព្វមួយដង លុះវេលាម៉ោង១រសៀលថ្ងៃដដែ ល រូប គេក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធផឹកស្រាស្រវឹងអួរទីណួ ហើយបាយក៏ដាំឆៅពេញឆ្នាំង លុះរូបគេខឹងខ្លាំងពេក ណាមួយអស់កម្លាំងផង ទើបស្ទុះទៅទះជាច្រើនដៃ និងទាត់ធាក់ជាច្រើនជើង បណ្តាលឱ្យដួលសន្លប់បាត់ស្មារតីនៅក្នុងផ្ទះតែម្តង។
បុរសខាងលើបានបន្តទៀតថា បន្ទាប់មកមិនបានបញ្ជូនប្រពន្ធរបស់ខ្លួនមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលនោះទេ ថែមទាំងហាមមិនឱ្យប្រពន្ធនិយាយប្រាប់អ្នកណាទាំងអស់ បើពុំនោះទេរូបគេនឹងសម្លាប់ចោល ។ ស្រាប់តែនៅវេលាម៉ោង៥ព្រឹកថ្ងៃទី០១ ខែមេសា នេះ ខ្លួនបានទៅដាស់ប្រពន្ធឱ្យងើបដាំបាយ តែឃើញប្រពន្ធដេកស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំនុំរឿង ដើម្បីបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី ចំណែកសាកសពស្ត្រីរងគ្រោះខាងលើត្រូវសាច់ញាតិរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕





































