បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅមុខបាយ័ន រោងបោះពុម្ពប៉ោយប៉ែត ស្ថិតនៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បុគ្គលិកខ្សែអ៊ុបតិចម្នាក់ បានលើកបង្គោលភ្លើងអគ្គិសនីអានកូ បណ្តាលឲ្យឆក់ធ្លាក់ពីលើ បោកបែកក្បាល
ស្លាប់ នៅកន្លែងកើតហេតុតែម្តង។
បើតាមការអះអាង អ្នកបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខាងលើនេះ បានឃើញជនរងគ្រោះ បានឡើងទៅលើបង្គោលទីតាំងកើតហេតុ ម្នាក់ឯង ដោយមានស្ថានភាពធម្មតា មួយរំពេចនោះ ក៏មានមេឃខ្មៅ លាយឡំនិងខ្យល់បក់បោកខ្លាំងផងដែរ។ ដោយអ្នកនៅកន្លែងកើតហេតុ បានប្រាប់កុំទាន់ឡើងអី ព្រោះមេឃជិតភ្លៀងហើយ ដោយជនរងគ្រោះឆ្លើយថា អត់អីទេ ខ្យល់ប៉ុណ្ណឹងនោះ ព្រោះយើងគ្រាន់តែឡើង តខ្សែអ៊ុបតិចអ៊ិនធ័រណេត វាអត់បញ្ហាអ្វីនោះទេ ។

ប្រភពបន្តថា លុះជនរងគ្រោះបានឡើងទៅតបង្គោលមួយទៀត មិនទាន់បានអី ក៏ឆក់ធ្លាក់ពីលើបង្គោលតែម្តងទៅ បណ្តាលឲ្យបោកបែកក្បាលហូរឈាម ជោកខ្លាំង ដាច់ខ្យល់ស្លាប់តែម្តង។
ប្រភពបន្តថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ សុខ ហួរ ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងក្រុងប៉ោយប៉ែត ជាបុគ្គលិកថ្មី នៅក្រុមហ៊ុនអ៊ីនធ័រណេត ដោយមិនចាំយីហោ ក្រុមហ៊ុនអ្វីនោះទេ។
ក្រោយពីហេតុ មានមិត្តភក្តិរួមការងារ បានជួយសង្គ្រោះ តាមរថយន្តឯកជនផ្ទាល់ខ្លួនមួយ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ទោះបីដឹងថាដាច់ខ្យល់ស្លាប់ យ៉ាងណាក៏ដោយ ក៏ព្យាយាមជួយ សង្គ្រោះផងដែរ។
ពេលនោះក្រុមការងារជនរងគ្រោះ បានយកទៅមន្ទីរពេទ្យឯកជន នៅក្នុងក្រុងប៉ោយប៉ែតមួយ គេមិនទទួលព្យាបាល ហើយក៏បន្តទៅកាន់មន្ទីរ នៅខេត្ត បន្ទាយមានជ័យបន្ថែមទៀត។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា សពរងគ្រោះខាងលើនេះ ត្រូវបានមិត្តភក្តិរួមការងារ បញ្ជូនទៅទីណានៅឡើយនោះទេ .។



































