កំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះរួមមាននាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង ប្រធានមន្ទីរកសិកម្មខេត្ត ប្រធានមន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរ ឃុំ ស្រុក នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ បានសហការគ្នាចុះពិនិត្យទីតាំងដី ព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញ នៅចំណុចដំបូកក្រហម ស្ថិតក្នុង ភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូរណ៌ ហើយបានសម្រេចឃាត់គ្រឿងចក្រមួយគ្រឿងក្នុងចំណោម២គ្រឿងនាំមកយករក្សាទុកនៅសាលាស្រុកបរិបូរណ៌ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីដឹងថា សកម្មភាពឈូសឆាយទាំងនោះ មិនមែនជាការឈូសពង្រៀបដីស្រែតាមការសើ្នសុំឡើយ គឺជាការលួចឈូសឆាយព្រៃលិចទឹកវាត
យកដីធ្វើជាកម្មសិទ្ឋក្រោយពីមានការចុះផ្សាយរបស់កាសែត និងទូរទស្សន៏ក្នុងស្រុកជាបន្តបន្ទាប់រួចមក។ 
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថាៈ ក្រោយពីសមត្ថកិច្ចចម្រុះនិងមន្ត្រីគ្រប់ជំនាញបានពិនិត្យឃើញថាៈ អាបុលឈូសដី មួយគ្រឿងក្នុងចំណោម២គ្រឿងពិតជាបានឈូសឆាយដីព្រៃលិចទឹកមែន ក្រុមសមត្ថកិច្ចចម្រុះបានឆ្លងយោបល់អាជ្ញាធរខេត្ត និងបានសម្រចចាប់និងឃាត់ទុកជាបណ្តោះអាសន្ននៅសាលាស្រុកបរិបូរណ៌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវីច្បាប់។លោកបានបញ្ជាក់ថាៈ ក្នុងលិខិតសើ្នសុំរបស់ប្រជាពលរដ្ឋគឺសុំឈូសពង្រៀបដីស្រែប្រាំងប៉ុន្តែក្នុងលិខិតនោះ លោកបានចារដាក់ថាៈ សុំអោយមន្ត្រីជំនាញចុះទៅពិនិត្យមើលសិន តែមន្ត្រីជំនាញមិនទាន់វាយតម្លៃបែបណាផង ម្ចាស់គ្រឿងចក្រនោះបានលួចឈូសឆាយទៅហើយ ដូច្នេះអ្នកប្រព្រឹត្តត្រូវ តែទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ មានគ្រឿងចក្រ២គ្រឿងត្រូវបានគេដាក់មកឈូសពង្រៀបដីស្រែតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងចំណុចខាងលើនេះ ក្នុងនោះមួយគ្រឿង របស់ឈ្មោះ រ៉ុង និងមួយគ្រឿងទៀតជារបស់ឈ្មោះ សៅ ប៊ុនធឿន។ ចាប់តាំងពីបានដាក់គ្រឿងចក្រនោះមកម្ចាស់គ្រឿងចក្រ ឈ្មោះរ៉ុង ដែលមានកម្លាំងម៉ាស៊ីនធំ បានឈូសដីព្រៃលិចទឹករហូតមក ចំណែក ម្ចាស់គ្រឿងចក្រឈ្មោះ សៅ ប៊ុនធឿន មានកម្លាំងតូច គឺបានឈូសតែដីស្រែលើ ៗតែប៉ុណ្ណោះ ហេតុនេះហើយទើបក្រុមសមត្ថកិច្ចចម្រុះបានឃាត់តែគ្រឿងចក្រដែលបំពានច្បាប់តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋនៅក្នុងឃុំផ្សារ ស្រុកបរិបូរណ៌ សូមថ្លែងអំណរគុណដល់សមត្ថកិច្ចចម្រុះដែលបានចំណាត់ការបន្ទាន់ក្នុងការបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងតំនប់នេះ ពុំនោះទេដីព្រៃលិចទឹកជាជម្រកត្រីពងកូននៅតំបន់នេះ ពិតជាត្រូវហិនហោចដោយសារតែជនល្មើសមួយក្តាប់តូចទាំងនេះមិនខានឡើយ៕





































