នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ឈើលេខមួយប្រភេទកកោះធំៗចំនួន៤សន្លឹកដែលក្រុមឈ្មួញដឹកបង្កប់ពីក្រោមគ្រឿងសង្ហារឹមឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានកំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បានភ្លាម លើផ្លូវជាតិលេខ៥ ស្ថិតនៅមុខសាលាស្រុករលាប្អៀរ ក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅពេលដែលគេដឹកឆ្ពោះចូលទៅក្នុងក្រុងភ្នំពេញ។
លោកវរៈសេនីយទោ ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖រថយន្តនោះម៉ាកអ៊ីស៊ុយស៊ុយពណ៌ស្ករ ពាក់ស្លាកលេខពោធិសាត់២អា០៩០៦ បើកបដោយឈ្មោះ ប៉ម វិចិត្រ អាយុ៣៨ឆ្នាំរស់នៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ មុនឈានដល់ការបង្ក្រាបបានរថយន្តដឹកឈើខាងលើកំលាំងរបស់លោកបានទទួលព័ត៌មានជាក់លាក់ទើប រលោកបានរាយកាណ៍ជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាបញ្ចេញកំលាំងស្ទាក់ចាប់បាន និងនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ឈើប្រណឹតទាំង៤សន្លឹកជាវត្ថុតាងខាងលើនេះ រួមនិងអ្នកបើកបរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី៕