កំពង់ឆ្នាំង៖ ម៉ូតូដាក់ស៊ីម៉ាំងប្រែនចំនួន២គ្រឿង និងម៉ូតូដាក់ភ្លើងឡាហ្សែមួយគ្រឿងទៀត ត្រូវបានសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ក្រុងសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាល និង ប្រជាការពារស្ទាក់ចាប់បាន នៅវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥
ចាប់ពីចំណុចមុខវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង រហូតដល់ចំណុចផ្លូវបត់ចូលរោងចក្រ អឹមវ៉េ ស្ថិតក្នុង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយពីពួកគេបានបើករោទិ៍សំលេង ស៊ីម៉ាំងរំខានគេឯង និងបើកភ្លើងឡាហ្សែចាំងភ្នែកអ្នកប្រើប្រាស់ផ្លូវពេលយប់រួចមក។
លោក សំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖យុវជនទំនើងមានឈ្មោះ ភួង បញ្ញា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជិះម៉ូតូម៉ាក R15 កម្លាំង១៥០សេសេ ពាក់ផ្លាកលេខ ភ្នំពេញ1CB-9727 ពណ៌ក្រហមខ្មៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ បានបំពាក់ស៊ីម៉ាំងប្រែនរោទិ៍រំខានគេឯង ដោយឡែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1C-8106 បានបំពាក់ភ្លើងឡាហ្សែចាំងភ្នែកដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយពេលយប់។

ម៉ូតូទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងធ្វើការដកហូតជាបណ្តោះអាសន្ន ដើម្បីអប់រំណែនាំដល់ម្ចាស់ និងធ្វើការផាកពិន័យទៅតាមបញ្ញតិច្បាប់ ព្រមទាំងអោយដោះយកចេញនូវឧបករណ៍បំពាក់ខុសបច្ចេកទេសទាំងនោះចេញនៅនឹងមុខសមត្ថកិច្ច។
លោក ហង្ស ប៊ុនហាក់ អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ក្រុងបានអោយដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាររបស់គណៈបញ្ជាឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្ត នៅក្នុងខែមិនា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ក្រុងបានធ្វើការដកហូត នូវឧបករណ៍បំពាក់ខុសលក្ខណៈបច្ចេកទេសគឺ ម៉ូតូបំពាក់ស៊ីម៉ាំងប្រែនចំនួន៧គ្រឿង ដក ហូតស៊ីផ្លេស៊ីរ៉ែនបាន៦គ្រឿង ម៉ូតូបំពាក់ភ្លើងឡាហ្សែ៥គ្រឿង និងរថយន្តបំពាក់ភ្លើងឡាហ្សែ២គ្រឿង។រថយន្តនិងម៉ូតូត្រូវបានឃាត់យកមកទុកនៅអធិការក្រុងកំពង់ឆ្នាំងនឹងត្រូវហៅម្ចាស់មកព្រមាន អប់រំណែនាំ និងធ្វើការផាកពិន័យទៅតាមបញ្ញាត្តិច្បាប់ ដើម្បីកុំអោយយុវជនផ្សេងទៀតយកតម្រាប់តាម៕





































