សៀមរាប ក្នុងឱកាសបុណចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ គ.ស២០១៥ ដែលនឹងចូលមកដល់ថ្ងៃខាងមុខនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អមដំណើរដោយលោក 
លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមគណៈអភិបាលខេត្តសមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញចុះសួរសុខទុក្ខ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប និង នាយទាហាន ពលទាហាន ដែលមានជម្ងឺសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរទេព្យយោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៥ក្នុងឱកាសដែលប្រជាជនកម្ពុជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្នីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខនេះ ។
បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ទោ នាយកមជ្ឈមណ្ឌលយោធិពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ក៏បានគូសបញ្ញាក់ លើការទទួលខុសត្រូវសុខសន្តិភាពស្ថេរភាពគ្រប់បែបយ៉ាងនិង ការគ្រប់គ្រងយោធិនពិការ មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប និង អំពីសមទ្ធិផលមួយចំនួន និង ការគ្រប់គ្រង ថែបំប៉ន សុខភាព ការងារបង្កបង្កើនផល និង សកម្មភាពផ្សេងៗផងដែរ ។

ក្នុងនោះដែរលោក ទៀ បាញ់ ក៏បាន លើកឡើងថា កន្លងមកក្រសួងការពារជាតិ ក៏ដូចអាជ្ញាធរខេត្ត និង រាជ រដ្ឋាភិបាលកម្ពុជាតែងតែចុះសួរសុខទុក្ខក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថានៅពេលរដូវបុណ្យទានប្រពៃណីជាតិក៏ដូចពិធីបុណ្យជាតិរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចគណៈប្រតិភូក្រសួងការពារជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការបាត់បង់សុពលភាពការងារនិងយោធិននិវត្តន៍ នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ក៏ដូចនៅតាមបណ្តាកងពលនិងអង្គភាពផងដែរ។ លោកឧបនាយរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាទោះបីបងប្អូនបានធ្លាក់ខ្លួនពិការក៏ពិតមែនតែប្រមុខរាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់គិតគួជានិច្ចចំពោះជីវភាពរស់នៅរបស់បងប្អូនដោយមិនទុកឲ្យបងប្អូន យោធិនពិការរស់នៅឯកកោរនោះឡើយ ដោយបងប្អូនមានគុណបំណាច់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុង បុព្វហេតុការពារទឹកដី នៃកិច្ចអភិវឌ្ឍន៍ប្រទេស ទោះបីបងប្អូនបានបាត់បង់នូវ អវៈយវៈ និង កាយសម្បទាណាមួយ យ៉ាងណាក៏ដោយនោះ បងប្អូននៅតែមានការជឿជាក់ នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយនូវទីជម្រកសម្រាប់បងប្អូន រស់នៅ និង បង្កបង្កើនផលចិញ្ចឹម ក្រុម គ្រួសារ និង បានឧបត្ថម្ភជាបន្តបន្ទាប់ ដែលធ្វើឲ្យបងប្អូនយោធិនពិការ និង ក្រុមគ្រួសារមានលំនឹងផ្នែកជីវភាពរស់ នៅបានល្អប្រសើរ ។ លោកឧបនាយរដ្ឋមន្ត្រី ទៀ បាញ់ ក៏បានផ្តោតសំខាន់ទៅលើសភាពការណ៌ នយោបាយក្នុងនិងក្រៅ ប្រទេសពាក់ព័ន្ធ និងកម្ពុជា ដែលក្រុមអគតិទាំងនោះបានព្យាយាម ធ្វើឲ្យស្ថិរភាពនយោបាយ នៅកម្ពុជាមានបញ្ហាខ្លះតាមរយៈក្រោមរូបភាពបង្កអសន្តិសុខសង្គមផ្សេងៗទោះជាយ៉ាងណា ទង្វើរបស់ពួកទាំងនេះមិនអាចធ្វើឲ្យទឹកចិត្តបងប្អូនយោធិនពិការយើងបណ្តោយខ្លួនឲ្យគេអូសទាញបានឡើង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមែសប្តស័កព.ស២៥៥៩ដែលនឹងចូលមកដល់ថ្ងៃខាងមុខនេះ ដើម្បីបង្កភាពសប្បាយរីករាយរបស់បងប្អូនយោធិន ពិការ និង ក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម និង គណៈប្រតិភូ ក៏បាននាំយកនូវ អំណោយមួយចំនួន ប្រគល់ជូនដល់បងប្អូនយោធិនពិការ និង លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ទាំង២២៩នាក់ ដោយ ម្នាក់ ទទួលបានឃីត១កញ្ចប់ ថវិកា ៣ម៉ឺនរៀល សិស្ស៣១១នាក់ ម្នាក់ៗ សៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ប្រគេនព្រះសង្ឃ១០អង្គ ស្លាដក១ បច្ច័យ៨ម៉ឺនរៀល តាជីយាយជី ម្នាក់ៗ ក្រណាត់ស០១ដុំ ប្រាក់១ម៉ឺនរៀល ប្រគេន គ្រឿងឧបភោគ បរិភោគដល់វត្ត នូវអង្ករ៥០០គក្រ, មី៥កេស, តែ២គក្រ ទឹកក្រូច ២កេស ទឹកដោះគោ ២០កំប៉ុង ,អំបិល ៥០គក្រ ,ស្កសរ ២០គក្រ និងបច្ច័យ ១លានរៀលសម្រាប់ប្រើប្រាស់ក្នុងវត្ត និង ប្រគល់ជូនមជ្ឈមណ្ឌល ដើម្បីសម្រាប់ប្រើប្រាស់ នូវអង្ករ ៥តោន ថវិកា ៥លានរៀល និង អ្នកជម្ងឺពិការ ១២នាក់ ម្នាក់ៗ មី ៥កញ្ចប់, ត្រីខ ៥កំប៉ុង , ស្ករស ១គក្រ , ទឹកដោះគោ ១កំប៉ុង និង ថវិកា ២ម៉ឺនរៀល។
បន្តដំណើរមកឯឧត្តមឧបនាយករដ្នមន្ត្រី ក៏បានអញ្ជើញ ចុះសួសួរសុខទុក្ខដល់យោធិន ដែលមានជម្ងឺ កំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤។ក្នុងនោះឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះបងប្អូនយោធិនដែលមានជម្ងឺ កំពុងសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធិភូមិភាគទី៤ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនយោធិនដែលមានជម្ងឺទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនូវវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ដើម្បីឲ្យបានឆាប់ជាស្បះស្បើយនិង វិលត្រឡប់ទៅកាន់អង្គភាពរបស់ខ្លួនវិញក្នុងការបម្រើនឹងអភិវឌ្ឍន៍សង្គមជាតិនៅតាមអង្គភាពខ្លួនផងដែរ។ ក្នុងឱកាសនោះដែរលោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងមន្ទីរពេទ្យ នូវថវិកា ៥លានរៀល និង ជូនដល់បងប្អូនយោធិនមានជម្ងឺកំពុង សម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៥៧នាក់ ដោយម្នាក់ៗ មី ៥កញ្ចប់, ត្រីខ ៥កំប៉ុង , ស្ករស ១គក្រ , ទឹកដោះគោ ១កំប៉ុង និង ថវិកា ២ម៉ឺនរៀលផងដែរ ៕



































