ខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ រដ្ឋបាលជលផលបានបើកសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពក្របខណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ២០១០-២០១៩ នៅសណ្ឋាគារតោមាស សង្កាត់លេខ៤ខេត្តព្រះសីនុ ក្រោមអធិបតីភាពលោកស្រី កាំង ឃីម អនុប្រធាន
រដ្ឋបាលជលផល។
សិក្ខាសាលាមានការចូលរួមពីនាយខណ្ឌរដ្ឋបាលជលផលសមុទ្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កោះកុង ភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៌វារីវប្បកម្មសមុទ្រ និងមន្ត្រីជំនាញ ។
លោកស្រី កាំង ឃីម មានប្រសាសន៌បើកសិក្ខាសាលាគូសបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការលម្អឯកសារ និងគំនិតថ្មីៗនិងវិធីសាស្ត្រល្អៗបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតនិងធ្វើការកែលម្អផែនការអភិវឌ្ឍវិស័យជលផល និងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ២០១០-២០១៩ នឹងទទួលបានពត៌មានថ្មីៗបន្ថែមទៀត ដើម្បីមានលក្ខណស៊ីជម្រៅគ្រប់ជ្រុងជ្រោយ អាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមការគ្រប់គ្រងវិស័យជលផលឪ្យមាននិរន្តរភាព ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយកំណត់យ៉ាងច្បាស់ពីការលើកស្ទួយវិស័យកសិកម្ម ក្នុងនោះយុទ្ធសាស្ត្រកែទម្រង់វិស័យជលផល ក្នុងគោលបំណងធ្វើឪ្យមានការអភិវឌ្ឍវិស័យជលផលប្រកបដោយចិរភាព និងមានសមធម៌ដោយប្រគល់សិទ្ធិអំណាចទៅសហគមន៌ជនបទ ដើម្បីឪ្យពួកគេអាចចូលរួមក្នុងសកម្មភាពរៀបចំផែនការនិងកម្មវិធីនានាដោយទទួលខុសត្រូវគ្រប់គ្រងធនធានជលផលដោយខ្លួនឯង ។ បច្ចុប្បន្នរដ្ឋបាលជលផលកំពង់ដំណើរការរៀបចំកែលម្អគោលនយោបាយថ្មី គោលបំណងចូលរួមផ្តល់វិភាគទានដល់ការប្រកបរបរចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន សុវត្ថិភាពស្បៀង ការផ្តល់មុខរបរ ការផ្លាស់ប្តូររូបីយវត្ថុ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច ។
ក្របខណ្ឌយុទ្ធសាស្ត្រវិស័យជលផល២០១០- ២០១៩ ត្រូវបានទទួលស្គាល់ថា ឯកសារចង្អុលបង្ហាញផ្លូវមានសារះសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់វិស័យជលផល ។ រដ្ឋបាលជលផលគឺជាតួអង្គក្នុងការអនុវត្តការងារផ្លាស់ប្តូរ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១២ បានលប់ចោលឡូត៌នេសាទនៅទូទាំងប្រទេស ដើម្បីឪ្យប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណះគ្រួសារ ។ យុទ្ធសាស្ត្រវិស័យជលផលត្រូវបានរៀបចំដោយអនុក្រុមជាមួយផែនការរដ្ឋបាលជលផលដោយសហការ និងឧបត្ថមពីសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាពនៃអនុវិស័យជលផល ។
លោកស្រី កាំង ឃីម បានបញ្ជាក់ថា សក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ធ្វើថ្ងៃទី១៦ មិនា នៅខេត្តសៀមរាប លើកទី២ សម្រាប់តំបន់មេគង្គថ្ងៃទី៣១ មិនា នៅខេត្តកំពង់ចាម និងលើកទី៣ សម្រាប់តំបន់សមុទ្រថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ សិក្ខាសាលាទាំង៣លើកនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងសេចក្តីព្រាងឯកសារក្របខណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផលការធ្វើវិមជ្ឍកា និងសហវិម្ឍការ និងការធ្វើវិសោធន៌កម្មច្បាប់ស្តីពីជលផលថ្មី ដោយធ្វើការពិចារណាទៅលើបញ្ហាប្រឈមនានា ដូចជាការសាងសង់ទំនប់វារីអគ្គីសនី ការរុករករ៉ែ ការពង្រឹងដីកសិកម្មជាដើម ពិសេសការធ្វើបច្ចុប្បន្នភាព ដើម្បីបញ្ស៊ីគ្នាជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (NSDP) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម (ASDP) ៕






































