កំពង់ឆ្នាំង៖បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ដោយសារតែបុរសរងគ្រោះបានតខ្សែភ្លើងគ្មានបច្ចេកទេសមិនបានបិតបារ៉ែតភ្លើង ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងនិងផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិអូរកំណប់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖បុរសរងគ្រោះឈ្មោះ ន៉ន ភី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែចំការ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ឋនិងកូនប្រុស២នាក់ តែប្រពន្ឋនិងកូនបានចុះចោលជនរងគ្រោះរយះពេល២ឆ្នាំមកហើយ បច្ចុប្បន្នជនរងគ្រោះរស់នៅជាមួយម្តាយចាស់ម្នាក់ឈ្មោះ នួន ភឿក អាយុ៧៩ឆ្នាំ ។
អ្នកជិតខាងនៅកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុគេបានឃើញជនរងគ្រោះអង្គុយតខ្សែរភ្លើងនៅក្រោមផ្ទះតែម្នាក់ឯង មួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញផ្កាផ្ទុះភ្លើងបែកខ្ចាយពេញក្រោមផ្ទះ ពេលរត់មកមើលក៏ឃើញជនរងគ្រោះដេកសន្លប់នៅលើដីបែកពពុះមាត់នៅក្រោមផ្ទះ បាត់ទៅហើយ។ឃើញដូច្នេះអ្នកភូមិក៏បាននាំគ្នាម្នីម្នាលើកជនរងគ្រោះដាក់លើរ៉ឺម៉ក់ ដឹកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត ប៉ុន្តែពេលគ្រូពេទ្យធ្វើការពិនិត្យជីបចរជនរងគ្រោះ ក៏បានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យខេត្ត ជួយដឹកបញ្ជូនមកកាន់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យទានតាមប្រពៃណីក្រោយការស្តាយស្រណោះយ៉ាងខ្លាំងពីក្រុមគ្រួសារ៕



































