កំពង់ឆ្នាំង៖ឈើធ្នង់ប្រណឹតចំនួន៩ដុំធំៗដែលពួកឈ្មួញបន្លំជាគ្រែដឹកតាមរថយន្តទូរីសមួយគ្រឿង ពីស្រុកភ្នំក្រវ៉ាញយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បាន។ករណីបង្ក្រាបបទល្មើសព្រៃឈើនេះបានធ្វើឡើងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋា ននគរបាលខេត្ត បាននិយាយអោយដឹងថា៖រថយន្តតូរីសដឹកឈើប្រណឹតនោះ ពាក់ស្លាកលេខ
ភ្នំពេញ2V-0756 ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ណាក់ ប៊ុនថេត អាយុ៣២ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិសាត់ មុខរបរបើករថយន្តតាក់ស៊ី។នៅក្នុងរថយន្តនេះពេលស្ទាក់ចាប់បានសមត្ថកិច្ចពិនិត្យឃើញមានឈើធ្នង់ប្រណឹត ចំនួន៩ដុំ ដែលក្នុងនោះមាន៦ដុំស្តើងៗ ត្រូវបានគេបិតភ្ជាប់គ្នាធ្វើជាដុំធំៗបន្លំធ្វើជាក្តារងឿរ និងឃើញមានជើងគ្រែ២ផ្ទាំងដែលបិនទាន់កែឆ្នៃរួចនៅឡើយ។
លោក ជិត សុផាត បានពន្យល់អោយដឹងថា៖ការបិតដុំឈើស្តើងៗកម្រាស់៥ហ៊ុនភ្ជាប់គ្នា
២ដុំធ្វើជាមួយដុំកម្រាស់១តឹកនេះ គឺជាល្បិចថ្មីរបស់អ្នករកស៊ីលក់ទិញឈើបន្លំភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ គឺថាពេលគេដឹកទៅដល់គោលដៅ គឺគេគាស់បំបែកឈើដុំដែលបិតជាប់គ្នានេះបំបែកជា២ដុំវិញដើម្បីយកឈើប្រណឹតនោះទៅគ្រឿងសង្ហារឹមផ្សេងៗទៀត។
រថយន្ត អ្នកបើកបរ និងឈើប្រណឹតទាំង៩ដុំនេះត្រូវបានលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បញ្ជារអោយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កសាងសំណុំរឿងបញ្ជូនទៅខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តផាកពិន័យតាមផ្លូវច្បាប់។
អ្នកបើកបររថយន្តតាក់ស៊ីទូរីសដឹកឈើប្រណឹតនេះបាននិយាយអោយដឹងថា៖គាត់បាន
ទទួលដឹកឈើនេះពីចៅកែឈើម្នាក់ពីផ្សារស្រុកភ្នំក្រវ៉ាញ ទៅកាន់សិប្បកម្មឈើមួយកន្លែង
នៅក្នុងទីក្រុងភ្នំពេញ ក្នុងតម្លៃឈ្នួលដឹក១០០ដុល្លា គាត់មិនដឹងថាការដឹកជញ្ជូនឈើបែបនេះ
ខុសច្បាប់នោះទេ អាងថាគេធ្វើជាគ្រែរួចហើយ។តែសមត្ថកិច្ចប្រាប់ថាដុះឈើប្រណឹតនេះ និង
ជើងគ្រែនៅដោយឡែកពីគ្នា មិនអាចផ្គុំឡើងជាគ្រែក្តារងឿរបាននោះទេ៕