អាជ្ញាធរឈីលីកាលពីថ្ងៃពុធ បានវាយតម្លៃខូចខាតដោយការរញ្ជួយដី៨.២រ៉ិចទ័រ ថាមិនលើសពី ៣០ពាន់លានដុល្លារនោះឡើយ។ ការរញ្ជួយដីនៅភាគខាងជើងឈីលីកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស ៦នាក់ និងបង្កឲ្យមានរលកយក្សស៊ូណាមី ទ្រង់ទ្រាយតូចកម្ពស់២ម៉ែត្រ។
ក្រោយស្ងប់ស្ងាត់ពីការរញ្ជួយដី ទឹករលកនៅផ្ទៃសមុទ្រស្រកចុះ ពលរដ្ឋដែលភៀសខ្លួនពីតំបន់ឈូងសមុទ្រក្រោមប្រមាណ៩០០. ០០០នាក់ បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដូចធម្មតា។
លំនៅឋានពលរដ្ឋ ២៦០០ខ្នង ក៏ដូចទូកនេសាទជាច្រើនគ្រឿងស្ថិតនៅឈូងសមុទ្រច្រើនបានរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី បង្កឲ្យមាន រលកយក្សស៊ូណាមីនេះផងដែរ ។
លោកស្រីប្រធានាធិបតីឈីលី Michelle Bachelet បានធ្វើទស្សនកិច្ច កាលពីថ្ងៃពុធទៅកាន់ទីក្រុង Iquique ទីដែលវាយប្រហារដោយការរញ្ជួយដី នោះដើម្បីពិនិត្យមើលដោះស្រាយជំនួយ សង្គ្រោះបន្ទាន់ជូនពលរដ្ឋរងគ្រោះ ។ លោកស្រីបានថ្លែងថា “យើងមកទីនេះ ដើម្បីភាពកក់ក្ដៅជាមួយពលរដ្ឋទីក្រុង Iquique ទាំងមូលដែលបានបង្ហាញការទទួលខុសត្រូវក្នុងនាមជាជនស៊ីវិល ។ ខ្ញុំគិតថា អ្នករាល់គ្នាពិតជាផ្ដល់គំរូធំធេងដល់យើងខ្ញុំដែលជាថ្នាក់ដឹកនាំ”។ លោកស្រីបន្ដថា រដ្ឋាភិបាលនឹងកំណត់ផែនការ ជាសំខាន់នៅក្នុងការស្ដារឡើងវិញតំបន់ទទួលរងការរញ្ជួយដីនេះ។
លោក Alexander Allmann អ្នកជំនាញស្ដីអំពីការរញ្ជួយដីបានបញ្ជាក់ថា ការខូចខាតទ្រព្យសម្បត្ដិ លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធគិតជាទឹកប្រាក់មិន លើសពី៣០ពាន់លាននោះឡើយ៕