ខេត្តឧត្តរមានជ័យ៖ ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានជំរិតទារលុយពីរថយន្តដឹកឈើផ្ទះចាស់បានចំនួន១៤៥០$ បានយ៉ាងងាយស្រួលនៅថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ។ គេឃើញមានកុងត្រួលជជុះជាច្រើនកន្លែងនៅតាមដងផ្លូវនៅពេលយប់ ដែលមានកម្លាំងគណៈបញ្ជាការឯកភាពស្រុករួមសហការណ៍ជាមួយសមត្ថកិច្ចធ្វើសកម្មភាពអត់ឈប់ឈរមិនថាការដឹកជញ្ជូនវ័ល្លផ្ដៅ ផ្ទះចាស់និងការដឹកជញ្ជូនឈើប្រើប្រាស់បន្ដិចបន្ដួចរបស់កងទ័ពដែលមានច្បាប់អនុញ្ញាត្តនិងការស្នើរសុំត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ។ តែកម្លាំងគណៈបញ្ជាការឯកភាពស្រុកនិងសមត្ថកិច្ចតែងតែចេញធ្វើសកម្មភាពយករថយន្តប្រដេញស្ទាក់នៅតាមដងផ្លូវដោយបង្ខំអោយគាត់បង់លុយអោយ។
ជាក់ស្ដែងសកម្មភាពដែលបានកើតមានជាបន្តបន្ទាប់គឺកម្លាំងគណៈបញ្ជាការឯកភាពស្រុកនិងសមត្ថកិច្ចបានកាក់ស្ទាក់រថយន្តរបស់យោធាដឹកឈើគ្រឿងផ្ទះចំនួនពីរគ្រឿងដែលមានផ្ទុកឈើបន្តិចបន្តួចយកទៅប្រើប្រាស់ធ្វើជាជំរកនៅក្នុងអង្គភាពត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកអន្លង់វែងស្ទាក់ឃាត់អោយឈប់នៅចំនុចរង្វង់មូលស្រុកអន្លង់វែងនៅវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីអោយបង់ថ្លៃសេវាដឹកជញ្ជូនឆ្លងកាត់ស្រុកអោយរូបគេ។
ភាពអណាធិបតេយ្យនៅក្នុងស្រុកអន្លង់វែងបានធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរនិងកំពុងតែបំផ្លាញគោលនយោបាយរដ្ឋាភិបាលដោយយកអំណាចអង្គភាពរបស់ខ្លួនទៅជំរិតធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់គ្មានស្រណោះអាសូរ។ មន្ត្រីយោធាម្នាក់ដែលបានដឹកឈើបន្ដិចបន្តួចតាមរថយន្តយោធានោះបានអោយដឹងតាមទូរស័ព្ទថា ក្រោយពីមានការកាក់ស្ទាក់ពីស្ថាប័នខាងលើរួចត្រូវបានគេទូរស័ព្ទមកធ្វើការគម្រាមកំហែងបន្ថែមទៀតដោយមិនអោយមានការដឹកជញ្ជូនឈើបន្តទៀតប្រសិនបើមិនចូលបង់លុយអោយពួកគេតាមសម្រួលទេនោះ ប្រសិនបើឃើញដឹកទៀតពួកគេនិងធ្វើបាបដោយមិនយល់មុខដល់កងទ័ពដែលយកឈើទាំងអស់នោះទៅប្រើប្រាស់នៅក្នុងអង្គភាពក៏ដោយ។
ស្រុកអន្លង់វែងសព្វថ្ងៃប្រជាពលរដ្ឋកំពុងតែមានការរអួរទាំយ៉ាងខ្លាំងក្រោយពីមានការផ្លាស់ប្ដូរចូលកាន់តំណែងអភិបាលស្រុកថ្មី ដោយមានកុងត្រួលជជុះរបស់គណៈបញ្ជាការឯកភាពស្រុកជំរិតទារលុយពីអ្នកដឹកជញ្ជូនឈើនៅតាមដងផ្លូវចាស់ដៃខ្លាំងពេកមិនថាមានច្បាប់ឫអត់ច្បាប់នោះឡើយអស់លោកគាត់មិនដែលពិនិត្យទៅលើឯកសារពាក់ព័ន្ធទាល់តែសោះ ព្រៀបដូចសង្គមអត់ច្បាប់៕