ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសារ បុរសជនជាតិបរទេសម្នាក់ ស្រវឹងស្រាជោគជាំ បានជិះម៉ូតូមួយគ្រឿង ឌុបគ្នា៣នាក់ ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅ បុកម៉ូតូមួយគ្រឿងទៀត ពីក្រោយពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់និង
ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង៣នឹង១៥នាទីទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ មុខមជ្ឍមណ្ឌលកំសាន្តរ៉ុក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខកំពត 1A-2950 ជិះតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅត្បូងទៅជើង ខណះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានបុរសជនជាតិបរទេស ជិះម៉ូតូស្តុបពីមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1CZ-7068 ជិះឌុបនារី២នាក់ ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ទំនងជាស្រវឹងស្រាជោគជាំ បានបុកម៉ូតូ វីវ៉ាពីក្រោយពេញទំហឹង បណ្តាលឱ្យមនុស្សប្រុស ស្រី៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំដោះស្រាយនាពេលក្រោយ ៕




































