ខេត្តបន្ទាយមានជ័យ៖សមិត្តកិច្ចមួយក្រុមក្នុងខេត្តបន្ទាយមានជ័យទាំងថ្នាក់អធិការដ្ឋាននិងតាមប៉ុស្តិ៍ជាច្រើននាក់កាលពីយប់ថ្ងៃទី៥ខែមេសា ឆ្នាំ២០១៥បានបើកយុទ្ធនាការចុះឆែកអាវុធជាតិផ្ទុះនៅក្នុងមូលដ្ឋានរបស់ខ្លួននិងនៅតាមដងផ្លូវសាធារណៈដើម្បីពង្រឹងច្បាប់ចរាចរណ៍
ផ្លូវគោកនិងមួយផ្នែកទៀតនោះគឺដើម្បីពង្រឹងបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។
លោកវរសេនីយ៍ត្រីសីវសុជាតិអធិការនគរបាលក្រុងសិរីសោភ័ណបានថ្លែងថាយោងតាមការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្តលោកបានដាក់បញ្ជាដើម្បីឲ្យនគបាលចុះពង្រឹងលើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសនោះនានាលោកបានដាក់ផែនការបើកយុទ្ធនាការឆែកអាវុធជាតិផ្ទុះនៅពេលយប់ក្នុងក្រុងសម្រាប់អ្នកធ្វើដំណើរទូទៅ។លោកជាតិបន្តថាយុទ្ធនាការនេះធ្វើឡើងក៏ដើម្បីចូលរួមចំណែកពង្រឹងបញ្ហាច្បាប់ចរាចរណ៍ផងដែរដោយឃាត់ខ្លួននិងចាប់ផាកពិន័យអ្នកបើកម៉ូតូទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាពនិងដាក់កញ្ចក់មើលក្រោយក្រៅពីការចុះឆែកអាវុធជាតិផ្ទុះនោះលោកក៏បានដាក់ផែនការឲ្យនគរបាល មូលដ្ឋានតាមប៉ុស្តិ៍ចុះល្បាតជាប្រចាំផងដែរទាំងថ្ងៃទាំងយប់ ដើម្បីស្រាវជ្រាវរកមុខសញ្ញានិងទប់ស្កាត់ចំពោះជនល្មើសទាំងនោះដែលចង់ធ្វើសកម្មភាពផ្សេងៗ។បើតាមលោកបានបញ្ជាក់ទៀតថានាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុននេះកម្លាំងនគរបាលរបស់លោកបានត្រៀមរួចជាស្រេចហើយដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សន្តិសុខ ជូនប្រជាពលរដ្ឋ ដើរដំណើរកំសាន្តរបស់ពួកគេឲ្យសប្បាយរីករាយ៕គង្គា



































