ខេត្តឧត្តរមានជ័យ៖យ៉ាងហោចណាស់យុវជន២ នាក់ និងនារី ២នាក់ បានស្លាប់យ៉ាងអណោចអធម៍នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ បានរងរបួសធ្ងន់ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅក្នុងគ្រោះថ្នាក់ចរាចរ ម៉ូតូវ៉េវបុកជាមួយម៉ូតូវ៉េវពុំមានស្លាក់លេខទាំង ២ ដែល
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ និង៥៨នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខRP-១៧៤ ស្ថិតនៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចជំនាញចរាចរស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ដែលទី១.ឈ្មោះ សុខ សុខខី ភេទស្រី អាយុ១៧ឆ្នាំ ទី២.ឈ្មោះ សុខ ចិន ភេទស្រីអាយុ ១៤ឆ្នាំ អ្នកទាំង ២នាក់ ជាបងបង្អូនបង្កើននឹងគ្នារស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទី៣.ឈ្មោះ ចាន់ ផែន ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិឈូកមាស ឃុំត្រពាំងប្រាសាទ ជិះម៉ូតូម៉ាកវ៉េវអាហ្វាពណ៌ខៀវ និងទី៤ឈ្មោះ ជន ភី ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជិះម៉ូតូម៉ាកវ៉េវអេសពណ៌ក្រហម និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ គុច សិន ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានរងរបួសធ្ងន់នៅសល់ដង្ហើមចង្រិត ហើយនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលបានបាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកអនុសេនីយ៍ឯក គង់ សម្បត្តិ មេបញ្ជាការរងអាវុធហត្ថស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបាត់បង់ជីវិត ចំនួន៤នាក់ ត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ហើយយោងតាមសាក្សីពីប្រជាពលរដ្ឋបានឃើញហេតុការណ៍និយាយថា មុនដំបូងម៉ូតូទាំង ២គ្រឿងធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាស់គ្នា ដោយម៉ូតូវ៉េវអាហ្វាធ្វើដំណើរឌុបនារី២នាក់ ដែលអ្នកបើកបរឈ្មោះចាន់ ផែន ចំណែកឯម៉ូតូម៉ាកវ៉េវអេសពណ៌ក្រហម ជិះគ្នា២នាក់ លុះដល់ចំណុចកើតហេតុម៉ូតូវ៉េវអាហ្វា បានបើកយ៉ាងលឿនទិសដៅពីលិចទៅកើត ទំនងជាវ៉ានឹងម៉ូតូ ឬយានយន្តផ្សេងទៀត ហើយបានរំលោភហួរសទៅ ទ្រូងផ្លូវឆ្វេងដៃ ក៏បុកគ្នាពេញទំហឹងនឹងម៉ូតូវ៉េវេស បណ្តាលឱ្យមនុស្ស ២នាក់ ស្លាប់គៀបជាប់ជាមួយម៉ូតូគរលើគ្នា ហើយនារី ២នាក់ ខ្ទាតបោកក្បាលទៅនឹងផ្លូវកៅស៊ូស្លាប់ភ្លាមៗនឹងកន្លែង រីឯបុរសម្នាក់ទៀត បានរងបួសដង្ហើមចង្រិត ហើយបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅមន្ទីរពេទ្យ៕



































