កំពង់ធំ៖ មានរឿងសោកនាដកម្មមួយ បានកើតឡើងបង្ករឲ្យអ្នកភូមិអាណិតអាសូរគ្រប់គ្នា ដោយសារក្មេងប្រុសស្រីវ័យជំទង់៣នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធម បន្ទាប់ពីឪពុកបាន នាំទៅមុជទឹក លេងនៅស្ទឹងសែន កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៥ ខែ
មេសា ឆ្នាំ២០១៥ នៅភូមិគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្មេងប្រុស-ស្រី ៣នាក់ដែលលង់ទឹកស្លាប់យ៉ាងអណោចអធមនេះ ឈ្មោះ ឃាន់ ចិន្ដា ភេទ ប្រុស អាយុ៩ឆ្នាំ,ឃាន់ តុលា ភេទប្រុស អាយុ១៣ឆ្នាំ និងឈ្មោះឃាន់ ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ ជាបងប្អូនបង្កើត នៅភូមិកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែង បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុឪពុកឈ្មោះ សេន សុឃាន់ អាយុ៣៦ឆ្នាំ បាននាំកូនប្រុស-ស្រី ទាំង៣នាក់នេះ ទៅមុជទឹកលេង នៅស្ទឹងសែន នៅខណ:នោះឪពុកមុជទឹកនៅម្ខាងស្ទឹង ឯកូនទាំង៣នាក់មុជទឹកនៅម្ខាងស្ទឹង គឺកន្លែងទឹករាក់។ នៅពេលដែលកូនកំពុងនាំគ្នា មុជទឹកលេងនោះ ឪពុកក៏បានឡើងមកផ្ទះមុន។ ក្រោយមកនៅម៉ោង ប្រមាណជាង១២ថ្ងៃត្រង់ពេលបាយហើយ ពុំឃើញកូនៗឡើងមកផ្ទះ ឪពុកក៏ បានត្រឡប់ទៅរកវិញ ស្រាប់បាត់ពុំឃើញកូននៅលេងទឹកនៅនោះ ក៏មានការភ្ញាក់ផ្អើលឡើង ក្នុងនោះ ក៏នាំគ្នាចុះរកនៅ ក្នុងទឹកក៏ប្រទះឃើញក្មេង៣នាក់នេះលង់ទឹកស្លាប់ក្នុងអន្លុងជ្រៅ នៅក្បែរ កន្លែងក្មេងនេះលេង។
ប្រភពព័ត៌មានពីសមត្ថកិច្ចអាជ្ញាធរក៏ដូចជាក្រុមគ្រួសារសព បានសន្និដ្ឋានថា នៅពេលកំពុង លេងទឹកនោះ គឺមានក្មេងណាម្នាក់ធ្លាក់ចូលទៅក្នុងអន្លុងនោះ ទើបពូកគេជួយគ្នាបណ្ដាលឲ្យអោប គ្នា លង់ស្លាប់ទាំង៣នាក់ គួរឲ្យសង្វេគតែម្ដង។
បុរសជាឪពុកឈ្មោះ សេន សុឃាន់ បានយំរៀបរាប់ប្រាប់ថា កូនគាត់ទាំង៣នាក់គឺពុំចេះ ហែលទឹកនោះទេ ហើយគាត់ពុំដឹងថាកន្លែងដែលកូនលេងទឹកនោះ មានអន្លុងទឹកជ្រៅនោះឡើយ។ សោកនាដកម្មនេះ បានធ្វើឲ្យអ្នកភូមិ សង្វេគនិងអាណិតអាសូរពេកក្រៃ ចំពោះក្មេងប្រុស- ស្រីទាំង៣នាក់ និងជាសញ្ញាណមួយរំលឹកដល់ លោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលគ្រប់រូប៕



































