កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរ បានក្លាយជាវិធានបទយ៉ាងអទិភាព ដែលរាជរដ្ឋាភិបាល បាននិងកំពុងមានវិធានទប់ស្កាត់ ប៉ុន្តែករណីនេះ នៅតែមានកំណើន ដែលធ្វើប្រជាពលរដ្ឋអ្នកធ្វើ ដំណើរស្លូតត្រង់ ភ័យខ្លាចកាន់តែខ្លាំង។
តួយ៉ាងដូចជាករណីគ្រោះថ្នាក់ចរាចរនេះនៅលើកំណាត់ផ្លូវភ្លោះធំទូលាយដែលផ្លូវភ្លោះម្ខាងមានទទឹងប្រវែង១១,៥០ម៉ែត្រក៏ដោយ ក៏រថយន្តកុងកុងទីន័រ រំលោភចូលមកផ្លូវម្ខាង ហើយមកបុក រថយន្តនីសាន់ពេញ១ទំហឹងដែរនៅខណ:ដែលធ្វើដំណើរច្រាស់ទិសគ្នានោះបណ្ដាលឲ្យស្ត្រីវ័យក្មេងជាតៃកុងនីសាន់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥នៅ លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកអនុសេនីយ៍ឯកសុខ សួល អធិការរងស្រុកបាធាយបានប្រាប់ឲ្យដឹងថានៅកន្លែងគ្រោះ ថ្នាក់ចរាចរនេះគឺជាផ្លូវភ្លោះ ហើយរថយន្តកុងទីន័រក្បាលព៌ណក្រហមពាក់ស្លាកលេខភ្នំពេញ3C-37 01និងរថយន្តនីសាន់ព៌ណស បើកច្រាសទិសគ្នា ដោយរថយន្តកុងទីន័រធ្វើដំណើរពីត្បួងទៅជើង នៅផ្លូវភ្លោះខាងរថយន្តនីសាន់ ដែលធ្វើដំណើរពីជើងទៅត្បូង ហើយមិនដឹងជាយ៉ាងម៉ិចទើបទៅបុក រថយន្តនីសាន់នោះ។
លោកសុខ សួល បានបន្តឲ្យដឹងថា ស្ត្រីជាតៃកុងរថយន្តនោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ គ្រាន់តែដឹងថា នាងនៅភូមិឧត្ដម ឃុំព្រែកសាយ ក ស្រុកពាម រ ខេត្តព្រៃវែង នេះបើផ្អែក ទៅលើអត្ដសញ្ញាណប័ណ្ណរបស់នាង។ចំណែកតៃកុង រថយន្តកុងទីន័របានគេចខ្លួន បាត់មុនពេល សមត្ថកិច្ចបានទៅដល់។
លោកអធិការរងរូបនេះបានបញ្ចាក់ថាចំពោះមូលហេតុនៃការបុកនោះ គឺសមត្ថកិច្ចពុំទាន់ដឹង ច្បាស់លាស់នោះទេ គ្រាន់ទិដ្ឋភាពជាក់ស្ដែងគឺរថយន្តកុងទីន័រ បើកចូលមកលើផ្លូវភ្លោះ ខាងរថយន្ត នីសាន់ ប៉ុន្តែផ្លូវភ្លោះម្ខាងៗមានទទឹងប្រវែង១១,៥ម៉ែត្រ មិនដឹងហេតុអី ទើបរថយន្តកុងទីន័រ ជ្រុល ទៅបុករថយន្តនីសាន់នោះ ហើយករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕



































