បាត់ដំបង: មុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនចំនួន4នាក់ និងថ្នាំញៀនជិតមួយពាន់គ្រាប់ ត្រូវបាន សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនក្រសោបបានទាំងសំបុក កាលពីថ្ងៃទី7-4-15វេលាម៉ោង3រសៀល នៅតាមបណ្តោយផ្លូវលេខ57B ត្រង់ចំនុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណ:ដែលក្រុមនេះកំពុងដឹកនាំនូវសារធាតុញៀនខុសច្បាប់ ចេញពីស្រុកម៉ាឡៃ ចូលមកកាន់ទឹកដីស្រុកសំពៅលូន។
បើតាមការអះអាងពីលោកអធិការ ពេជ្រ សារ៉ែន បានអោយដឹងថា បន្ទាប់ពីលោកបាន
ទទួលព័ត៌មានស្តីអំពីករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយករណីរួចមក លោកបានចាត់កំលាំងជំនាញចុះទៅល្បាតតាមបណ្តោយផ្លូវលេខ57B ក្នុងគោលបំនងតាមរកមុខសញ្ញាដែលប្រភពបានផ្តល់អោយ នៅទីបំផុតកំលាំងក៏បានប្រទះឃើញពួកគេចំនួន4នាក់កំពុងធ្វើដំណើរចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ស្រុកសំពៅលូន។
លោកអធិការបានបន្តថាដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនទាំង4នាក់នោះ
ព្រមទាំងបានឆែកឆេរទៅលើខ្លួនប្រាណក៏បានប្រទះឃើញគ្រឿងញៀនមួយចំនួនធំដែលពួកគេ លាក់ជាប់នៅក្នុងខ្លួន ទើបសមត្ថកិច្ចបានសុំគោលការទៅលោកព្រះរាជអាជ្ញា ដើម្បីនាំខ្លួនជនទាំងអស់នោះទៅកាន់អធិការដ្ឋានធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនទាំង4នាក់មានឈ្មោះ 1 ឈឹម រឹម ភេទស្រី អាយុ60ឆ្នាំ រស់នៅ
ភូមិវាល់ហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ 2 មាស សុផាត ភេទស្រី អាយុ58ឆ្នាំ រស់នៅភូមិដូង ឃុំម៉ាឡៃ 3 ឈឹម ពៅ ភេទស្រី អាយុ47ឆ្នាំ រស់នៅភូមិ93 ឃុំម៉ាឡៃ និង4 ម៉ម វឿន ភេទប្រុស អាយុ30ឆ្នាំ រស់នៅភូមិ93 ឃុំម៉ាឡៃ។ចំណែកគ្រឿងញៀនដែលពួកគេលាក់នៅក្នុងខ្លួនមានចំនួន5កញ្ចប់ព៌ណខៀវ ព្រមទាំងមានថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន995គ្រាប់។
ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះដែរក៏មានប្រភពមួយដែលរស់នៅក្នុងស្រុកម៉ាឡៃ ខេត្ត
បន្ទាយមានជ័យ បានបង្ហើបអោយកម្ពុជាថ្មីដឹងថា នៅក្នុងតំបន់នោះគឺសំបូរអ្នកដែលប្រកបមុខរបររកសុីគ្រឿងញៀននេះណាស់ ប៉ុន្តែសមត្ថកិច្ចក៏មិនងាយបំបែកសំបុករបស់ពួកគេដែរ ដោយសារតែ បច្ចុប្បន្នពួកគេមានភាពវ័យឆ្លាតជាងសមត្ថកិច្ច ដោយពួកគេធ្វើការដោះដូរតាមរបៀបចល័ត ហើយមាន ពេលខ្លះពួកគេអាចដោះដូរនៅក្នុងរថយន្តក៏មានដែរ ប៉ុន្តែនៅពេលដែលពួកគេដឹកនាំឆ្លងខេត្តចូលមកក្នុងទឹកដីខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចឃាត់បានជាហូរហែរផងដែរ
ក្រោយពេលសាកសួរ និងទទួលបាននូវចំលើយសារភាពរួចមក សមត្ថកិច្ចកំពុងរៀបចំ ឯកសារដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង4នាក់ព្រមទាំងវត្ថុតាង ដែលមានគ្រឿងញៀនចំនួន995គ្រាប់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងចាត់ការបន្តទៅតាមផ្លូវច្បាប់៕



































