បន្ទាយមានជ័យៈ ថ្លែងក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពដល់អាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០៦ មេសា ២០១៥ នៅទីបញ្ជាការលោក ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យអាវុធហត្ថទាំងអស់គឺជាអ្នកបំរើប្រជាពលរដ្ឋ និងប្រទេសជាតិមាតុភូមិ ដូច្នេះត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសង្គ្រោះពលរដ្ឋ ។
លោក ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបើកវគ្គហ្វឹកហ្វឺន លើជំនាញចំនួន៣ គឺលំហាត់រៀបជួរទ័ព ការរក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ មីនា ដល់ថ្ងៃទី០៦ មេសា ២០១៥ នេះ សិក្ខាកាមជាអាវុធហត្ថចំនួន១១០នាក់ ពិតជាទទួលបានការបណ្តុះបណ្តាលនេះយ៉ាងល្អ តែក្នុងនោះលោកបានណែនាំ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណោះដឹងដែលសិក្សារួចទៅប្រើប្រាស់អោយចំគោលដៅ ។
ក្រៅពីកិច្ចការ បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិអាវុធហត្ថមានតួនាទីសំខាន់ សម្រាប់បង្ការ និងបង្ក្រាបលើបទល្មើស ដែលប្រុងកើត និងបានកើតហើយ ក៏មិនត្រូវយកចំណេះដឹងដែលខ្លួនមានទៅកប់ចោលឥតប្រយោជន៍នោះដែរ ។




































