បុរស៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារតែពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា រួចចាប់ហ្វ្រាំង មិនទាន់ក៏ជ្រុលទៅបុករថយន្តតាកូម៉ាពេញទំហឹង ខណះដែលរថយន្តបើកក្នុងល្បឿនយ៉ាងលឿន ហើយបត់ឆ្លងផ្លូវមិនបានស៊ីញ៉ូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ បានជិះម៉ូតូសងកូរ៉េពណ៍ស្លាទុំ មួយគ្រឿង គ្មានស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតាកូម៉ាពណ៍ស្ករ ពាក់ស្លាកលេខ បើកដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទំនងជាស្រវឹងស្រា ទិសដៅបញ្ច្រាសទិសគ្នា ហើយបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ប៉ុន្តែមិនផ្តល់ជាសញ្ញាអ្វី ឬបើកភ្លើងស៊ីញ៉ូ ដើម្បីឱ្យភាគីខាងម៉ូតូដឹងនោះទេ ម្យ៉ាងទៀតផ្លូវងងឹតផងនោះ ខាងម៉ូតូ ចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំង៣នាក់ ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗនោះ ម្ចាស់រថយន្តតាកូម៉ា បានចុះពីលើរថយន្តទាំងឈរមិនចង់នឹង ហើយបានទំនាក់ទំនងទៅមិត្តភក្ត្រឱ្យបើករថយន្តចេញ និងអូសម៉ូតូចូលអែបខាង ហើយឡើងរថយន្តមួយគ្រឿងទៀត បើកចេញបាត់តែម្តង ។ ចំណែកភាគីខាងម៉ូតូដែលរងរបួសបានលើកយកម៉ូតូជិះចេញ ដោយមិនមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ដឹង នឹងចុះមកអន្តរាគមន៍ទេ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នារិះគន់ថា គ្រោះថ្នាកចរាចរណ៍ខាងលើនេះ មិនមែនខុសតែភាគីម៉ូតូតែម្ខាងនោះទេ ព្រោះដោយសារតែអ្នកបើករថយន្តស្រវឹងស្រា ហើយបើកបរក្នុងល្បឿនលឿន ថែមទាំងបត់ឆ្លងផ្លូវមិនបានផ្តល់ជាសញ្ញា និងបើកភ្លើងស៊ីញ៉ូ ដើម្បីឱ្យអ្នកជិះម៉ូតូឃើញទេ ៕




































