បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះដែលបុរស២នាក់បានជិះម៉ូតូឌុបគ្នា ហើយត្រូវបុរសម្នាក់ជិះច្រាសទិសរួចបុកពេញទំហឹង កាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញបុរស២នាក់ជិះម៉ូតូសងកូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ជិះច្រាសទិសគ្នាបណ្តាលឱ្យបុកពេញទំហឹង ដួលសន្លប់ស្តូកស្តឹងពេញផ្លូវរបួសធ្ងន់ធ្ងរទាំង៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្តីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាត ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕




































