ខេត្តសៀមរាប៖ យោងតាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ជាងធ្វើឡានម្នាក់នៅក្នុងយាន្តដ្ឋានតេងឈាង បានធ្វើអត្តឃាតខ្លួនឯង ដោយចាក់ទម្លុះបំពង់ក រួចចងកសម្លាប់ខ្លួនឯងជាក្រោយយ៉ាងអាណោចអាធម័ ដោយបន្សល់ទុកភាពងឿងឆ្ងល់ដល់ក្រុមជាងធ្វើឡានផ្សេងៗទៀត ខណៈក្រុមគ្រួសារសពមានការមិនអស់ចិត្តនឹងករណីនេះ។
ហេតុការណ៏គួរឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ខែមេសាឆ្នាំ២០១៥នេះ នៅក្នុងយានដ្ឋានជួសជុលរថយន្ត យីហោ តេង ឈាង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពបន្តថា សាកសព មុនពេលចងកសម្លាប់ខ្លួន គឺបានចាក់ទម្លុះបំពង់កជាមុន រួចទើបយកទៅចងកជាក្រោយ។ជាងឡានផ្សេងទៀត ហើយទាំងអ្នកនៅក្បែរខាង កំពុងតែមានការងឿងឆ្ងល់ពីមូលហេតុនេះ ។ ក្រោយពីសមត្ថកិច្ចបានពិនិត្យ សាកសពរួចក៏ធ្វើការប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៏ទោ ផេង ពេជ្រ នាយការិយាល័យនគរបាលបច្ចេកទេស បានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើកោសល្យវិច័្ចយរួច សាកសពពិតជាធ្វើអត្តឃាតដោយចងកខ្លួនឯងពិតប្រាកដមែន។លោកបន្តថា ស្នាមរបួសត្រង់បំពង់ក គឺជារបួសស្រាល ដោយអារនិងឡាមនិងកាំបិត តែរបួសនោះ មិនអាចស្លាប់បានទេ។លោកនាយការិយាល័យ បញ្ជាក់ថា ជនរងគ្រោះអាចបែកថ្នាំ ទើបយកឡាមនិងកាំបិតមកអារបំពង់កខ្លួនឯង ព្រោះមុនពេលស្លាប់ គេធ្លាប់ប្រើប្រាស់ថ្នាំ។លោកបន្ថែមថា សពបុរសខាងលើមានឈ្មោះ សយ សុខនហៅម៉ៅ មានអាយុជាង២០ឆ្នាំ មានស្រុកកំណើត ឃុំអន្លង់វិល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងយាន្តដ្ឋានខាងលើ មុខរបរជាងជួសជុលឡានផ្នែកបាញ់ថ្នាំនិងតប្រពន្ធ័ភ្លើង ហើយត្រូវជាប្អូនថ្លៃរបស់ម្ចាស់យានដ្ឋានឈ្មោះ តេង ឈាង។
ករណីនេះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារនិយាយទាំងមិនអស់ចិត្តថា សពបុរសខាងលើនេះ ស្លាប់ទាំងមានការងឿងឆ្ងល់ ហើយស្នើឲ្យសមត្ថកិច្ចតាមដានករណីនេះឲ្យបានល្អិតល្អន់បន្ថែមទៀត៕



































