ខេត្តកំពង់ធំ តំបន់ប្រតិ្តប័ត្តការសឹករងកំពង់ធំ បានប្រារព្វពិធីសូត្រមន្តបាងស្គូលជូនដល់វិញ្ញាណក្ខ័ន្ឋយោធិនពលី នាសម័យសង្រ្គាម ដើម្បីលឹកគុណយុទ្ធជនដែលបានពលី និងបានចារទុកនូវគុណបំណាច់ របស់យោធិនពលី ក្នុងការការពារមាតុភូមិ ការពារបូរណៈភាពទឹកដី ប្រារព្វធ្វើឡើង នៅក្នុងបរិវេណ វិមានរំលឹកគុណយុទ្ធជនពលី កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងសង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តឈុន ឈន់ ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ប្រធានមន្ទីរ មន្រ្តីរាជការជុំវិញ ខេត្តកំពង់ធំ ចូលរួមយ៉ាងច្រើនអធិកអធម្ម។
នៅក្នុងពិធីគោរពវិញ្ញាណខ័ន្ទ ឯកឧត្តមព្រមទាំងមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធបានបានសំដែងនូវការដឹងគុណរបស់យុទ្ធជនយោធិនដែលបានពលី ជីវិតនាកាល សម័យសង្គ្រាម ក្នុងតួនាទីភារៈកិច្ចការពារ មាតុភូមិការពារប្រទេសជាតិដោយមិនរុញរាតស៊ូប្រយុទ្ធយកជ័យជំនះជូនបងប្អូនប្រជាជាតិខ្មែរ ឲ្យទទួលបានសន្តិភាពនិងស្ថេរភាពពេញលេញ ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ភ្នូររបស់យុវជនពលីនៅទីនេះ ត្រូវបានគាស់ហើយរៀបចំបញ្ជុះ សារជាថ្មី ផ្ទៃដីត្រូវបានឈូសឆាយ ជីកស្រះដាំផ្កា និងអភិវឌ្ឍន៍ឲ្យក្លាយទៅជាទីធ្លាសម្រាប់ប្រារព្វពិធីផ្សេងៗ សាកសពយុវជនដែលបានបញ្ជុះនៅទីនេះមាន ១៣៤រូប បន្ទាប់ពីគាស់មកហើយ បានរៀបចំអដិ្ឋធាតិក្នុងពាងថាប់ដើម្បីបញ្ជុះទៅវិញផ្នូរនីមួយៗត្រូវបានរៀបជាឥដ្ឋផ្សារស៊ីម៉ង់ ។
នៅថ្ងៃដដែល ឯកឧត្តម សោម ស៊ុ មេបញ្ជាការតំប់សឹករងកំពង់ធំ បានប្រជុំកងកម្លាំងដើម្បីចូលរួមការពារ សុវត្តិភាព ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងអំឡុងថ្ងៃទី ១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៥ និងបាន បែងចែកកម្លាំងទៅតាមចំនុចសំខាន់តាមគោលដៅ ដោយរួមសហការជាមួយអាជ្ញាធរ ជាពិសេសតាមពិធី រាំរែកល្បែងប្រជាប្រិយផ្សេងៗ និងទីប្រជុំជន ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ឲ្យទទួលបានសន្តិសុខល្អធ្វើបុណ្យធ្វើទាន និងមិន
អនុញ្ញាតិច្បាប់ដល់យោធិនដាច់ខាតចាប់ពីថ្ងៃទី ១៣ដល់១៧មេសា ឆ្នាំ២០១៥ដោយប្រមូលកម្លាំងក្នុងទីតាំងបន្ទាយ ដើម្បីត្រៀមអន្តរាគមន៍ ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងឳកាស់បុណ្យចូលឆ្នាំថ្មី ត្រូវគ្រប់គ្រងអាវុធជាតិផ្ទុះ យោធិនហាមសេពគ្រឿងញៀនមេបញ្ជាការត្រូវមានបទបញ្ជាម៉ឺងម៉ាត់ បែងចែកកម្លាំង និងប្រចាំបញ្ជា ក្នុងឳកាសបុណ្យចូលឆ្នាំត្រូវរៀបចំល្បែងប្រជាប្រិយជួបជុំនៅក្នុងអង្គភាព។
ដោយ ប៊ុន រដ្ឋា




































