ខេត្ដបន្ទាយមានជ័យ៖ភ្នំធំដែលស្ថិត នៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័ប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានស្គាល់ និងឮតាមរយៈនៃការបកស្រាយបទ ចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា ដែលជា អ្នកចម្រៀងជើងចាស់ដ៏ល្បីពីសម័យ មុន ។ ប៉ុន្ដែសម្រាប់ភ្នំធំនៅពេល បច្ចុប្បន្នត្រូវគេមើលឃើញថាកំពុងតែ រងការជីកកកាយយកថ្មលក់យ៉ាង រង្គាលពីសំណាក់ក្រុមឈ្មួញ ហើយភ្នំនេះ ដែរត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្ដបន្ទាយមានជ័យនាំគ្នានិយាយថា ជាភ្នំ ប្រវត្ដិសាស្ដ្រមានទេសភាពដ៏ស្រស់ ត្រកាល និងមានល្អាងជា ច្រើននៅលើ នោះផងដែរ ។ប្រជាពលរដ្ឋលើកឡើងថា សកម្ម ភាពនៃការធ្វើអាជីវកម្មភ្នំធំនេះប្រសិន បើអាជ្ញាធរខេត្ដនិងក្រសួងពាក់ព័ន្ធមិនបានទប់ស្កាត់ទាន់ពេលវេលានោះទេ ពួកគាត់សន្យាថានៅពេលប៉ុន្មានឆ្នាំខាងមុខនេះភ្នំនេះនឹងបាត់រូបរាងចេញពីផែនទីនៃប្រទេសកម្ពុជាហើយធ្វើឱ្យកូនចៅជំនាន់ក្រោយបានត្រឹមតែឮឈ្មោះប៉ុណ្ណោះ ចំណែករូបរាងកាយភ្នំត្រូវបានរលាយ សាបសូន្យអស់ហើយ។ ការធ្វើអាជីវកម្មជីក កកាយយកថ្មភ្នំធំនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្ដបន្ទាយមានជ័យក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្ដរជាតិដែលធ្វើដំណើរឆ្លងកាត់ខេត្ដបន្ទាយមានជ័យ មើលឃើញសកម្មភាពនោះនាំគ្នាសោកស្ដាយចំពោះការបាត់បង់ភ្នំធម្មជាតិមួយនេះ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅ លើភ្នំធំនោះមានល្អាងក្រមថ្មភ្ជាប់រឿង ប្រវត្ដិសាស្ដ្រដូចជាល្អាងកី ល្អាងគោយំ ល្អាងថ្មស្រក់និងមានល្អាងមួយចំនួនទៀត ដែលជាទីតាំងសម្រាប់ឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្ដផងដែរ។ ជាងនេះទៅទៀតជារៀងរាល់ថ្ងៃសីលគេឃើញមានលោកយាយលោកតាជាអ្នកជឿ ជាក់លើព្រះពុទ្ធសាសនាតែងតែបាន នាំគ្នាឡើងទៅលើភ្នំដើម្បីធ្វើសមាធិ បច្ចុប្បន្នលោកយាយលោកតាទាំងនោះក៏មានការត្អូញត្អែរព្រោះតែលំបាករកផ្លូវឡើងទៅលើភ្នំធំដោយសារក្រុមហ៊ុនគេធ្វើអាជីវកម្មបិទផ្លូវនោះអស់ហើយ ។សកម្មភាពនៃការធ្វើអាជីវកម្មថ្មភ្នំធំក៏ត្រូវបានរងការរិះគន់ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជារៀងរាល់ថ្ងៃបង្កឲ្យមានកទេចដីហុយកម្ទេចថ្មប៉ះលើប្រជាពលរដ្ឋការដឹកជញ្ជូនថ្មនិងការបំផ្ទុះយកថ្មភ្នំលាន់ឮ សំឡេងកក្រើកភូមិ ហើយប្រជាពលរដ្ឋ លើកឡើងទៀតថា កន្លងមកការបំផ្ទុះ យកថ្មរបស់ក្រុមហ៊ុននោះដែរបណ្ដាលឱ្យដុំថ្មផ្លោងខ្ទាតបង្កឲ្យត្រូវរបួស និង ស្លាប់ប្រជាពលរដ្ឋរស់នៅក្បែរនោះទៀតផង ។បើតាមប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចប្រាប់ឮ្យដឹងថា ក្រុមហ៊ុនដែលកំពុងតែធ្វើអាជីវកម្មថ្មភ្នំធំមានចំនួន៥ក្រុមហ៊ុនគឺ ១-ក្រុមហ៊ុន ណុប ទូច ,២-ក្រុមហ៊ុន អិដ្ឋ លឿ , ៣-ក្រុមហ៊ុន យ៉ែម សារឿន ,៤-ក្រុមហ៊ុនកូណៃ និង ៥-ក្រុមហ៊ុនជីផូស្វាត ជាក្រុម ហ៊ុនរបស់ជនជាតិថៃ ។ ក្រុមហ៊ុនទាំង៥ នេះ បើតាមការបង្ហើបឲ្យដឹងពីមន្ដ្រីសាលាខេត្ដគឺមានក្រុមហ៊ុនខ្លះចប់អាជ្ញាប័ណ្ណហើយក៏ប៉ុន្ដែនៅតែបន្ដសកម្មភាព ដដែល ។ជុំវិញការធ្វើអាជីវកម្មថ្មភ្នំធំនេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនង លោកសុខ វឌ្ឍនាប្រធានមន្ទីររ៉ែនិងថាមពលខេត្ដឲ្យជួយបំភ្លឺពីបញ្ហានេះដែរប៉ុន្ដែទូរស័ព្ទរបស់លោកហៅចូលគ្មានការឆ្លើយតប ។ចំណែកលោក ឡុង ពុន អភិបាល ស្រុកមង្គលបុរីបានបំភ្លឺឲ្យដឹងថា ការធ្វើអាជីវកម្មថ្មភ្នំធំចាប់តាំងពីលោកមកធ្វើជាអភិបាលស្រុកមង្គលបុរីខាងជំនាញគេមិនឲ្យដឹងនោះទេដោយលោកកំពុងតែព្យាយាមស្រាវជ្រាវ ។ ការធ្វើអាជីវកម្មថ្ម ភ្នំធំនោះលោកក៏មិនចង់ដឹងអ្វីដែរ ពី ព្រោះខាងជំនាញគេថាជាការងារជំនាញរបស់គេ ។លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុង ដំណាក់កាលលោកមកធ្វើជាអភិបាលស្រុកគឺមានក្រុមហ៊ុនកូណៃតែមួយប៉ុណ្ណោះដែលបានជូនដំណឹងមកខាងស្រុកថាមានអាជ្ញាប័ណ្ណស្របច្បាប់ ៕គង្គា