បាត់ដំបង៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី9-4-15
វេលាម៉ោង10,30នាទីយប់ ត្រង់ចំនុចក្បែសាលារៀនបូរ៉ា ក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង
ក្រុងបាត់ដំបង ខណ:ពេលដែលកំលាំងចំរុះកំពុងចេញប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ
តាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តបាត់ដំបង។
មួយរយ:កន្លងទៅនេះ គេសង្គេតឃើញថាកំលាំងបង្ក្រាបគ្រប់ការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលនូវបទបញ្ជាយ៉ាងតឹងរឹងក្នុងការចេញប្រតិបត្តិការ ល្បាតគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបង ដើម្បីទប់ស្កាត់អោយបាននូវបទល្មើសនានាដែលត្រៀមនឹងកើតឡើង ក្នុងគោលបំនងធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងដើម្បីក្តីសុខជូនប្រជាពលរដ្ឋក្នុងខេត្ត។
លុះនៅមុនពេលកើតហេតុខាងលើ បន្ទាប់ពីកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បាន
ទទួលសេចក្តីរាយការណ៍មួយស្តីអំពីករណីជួញដូរគ្រឿងញៀននៅត្រង់ចំនុចខាងលើ ទើបលោកនាយការិយាល័យស្តីទី ស៊ាន សុណាល់ បានដឹកនាំកំលាំង ដោយមានការចូលរួមសហការជាមួយកំលាំងបង្ការ បង្ក្រាប ធ្វើការត្រួតពិនិត្យក៏បានប្រទះឃើញមុខសញ្ញានេះឆ្លងកាត់គោលដៅ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីនាំយកទៅកាន់ការិយាល័យ នៅពេលនោះដែរក្រោយពេលកំលាំងពិនិត្យនៅក្នុងកាបូបស្ពាយព៌ណខ្មៅក៏ប្រទះឃើញមានគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួនមួយគ្រាប់និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន12ថង់តូចផងដែរ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ជននេះមានឈ្មោះ ហេង វីរ: ភេទប្រុស
អាយុ30ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ គឺចាមុខសញ្ញាជួញដូរយ៉ាងសកម្មបំផុត ប៉ុន្តែសមត្ថកិច្ចរកឱកាសដើម្បីបង្ក្រាបមិនទាន់បាន បើទោះបីជាមុខសញ្ញានេះមិនព្រមសារភាពក៏ដោយក៏គេដឹងថាគេពិតជាបានរកស៊ីមុខរបរនេះជាយូរមកហើយ ចំណែកគ្រឿងញៀននោះសរុបមានទំងន់13,52ក្រាម។បន្ទាប់ពីទទួលបាននូវចម្លើយសារភាពរួចមក សមត្ថកិច្ចនៃការិយាល័យជំនាញបាននិងកំពុងរៀបចំឯកសារដើម្បីបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕




































