ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ លោកជុំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជុំទាវ ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិហារបានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាសបា្តហ៍ជាតិសុវត្តិភាពចរាចណ៍ផ្លូវគោកលើកទី៧ នៅពហុកីឡាដ្ឋានខេត្តព្រះវិហារ ហើយក៍មានការអញ្ជើញជាកិត្តិយសលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងអស់លោក.លោកស្រីមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសរុបជាង ៦០០នាក់ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថាៈ ការរៀបចំទិវាសបា្តហ៍ជាតិសុវត្តិភាពចរាចណ៍ផ្លូវគោកខេត្តព្រះវិហារនាពេលនេះ គឺជាការប្រារព្ធពិធីលើកទី៧ ដែលឋិតក្នុងបរិបទនៃការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិចរាចរណ៍នានាកន្លងមក គឺបង្ហាញថារាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងសកម្មក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅកម្ពុជា ក៍ដូចជានៅបណ្តាប្រទេសនានាលើពិភពលោក ។
លោកបានបន្តថាៈ ដើម្បីឆ្លើយតបនឹងផែនការសកម្មភាពទាំង ០៨ចំណុចរបស់គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក៍ដូចជាលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានធ្វើការបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ.អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួន ។
ទន្ទឹមនឹងនោះលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបានធ្វើការឃោសនាចែកចាយខិតប័ណ្ណ ផ្ទាំងរូបភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្តនៅតាមទីសាធារណៈ សាលារៀន អង្គភាព ស្ថាប័ននានា ។ លោកជុំទាវ ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ថាៈ សិ្ថតក្នុងស្ថានការណ៍ទូទៅនៅកម្ពុជាកាន់តែវិវត្តន៍រីកចំរើន
ឥតឈប់ឈរ ស្ថេភាពសន្តិសុខសង្គម និងសុវត្តិភាពសណ្តាប់ធ្នាប់សាធារណៈកាន់តែត្រូវបានធានាយ៉ាងរឹងមាំភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរបានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទបានកើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងនេះគ្រោះថ្នាក់ចរាចរណ៍ ក៍ស្ថិតក្នុងកំណើនមួយគួរឲ្យ
ព្រួយបារម្ភ ។ គ្រោះថ្នាក់បណ្តាលឲ្យបាត់បង់អាយុជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិមានចំនួនលើសលុបកន្លងទៅនេះ មិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិ បងប្អូន និងក្រុមគ្រួសារផ្ទាល់ប៉ុនោះទេ ប៉ុន្តែវាបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ។
លោកជុំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតំណាង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ទីរក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាៈ ការប្រារព្ធទិវាសបា្តហ៍ជាតិលើកទី៧ នៅកម្ពុជានេះគឺជាការដាស់ស្មារតីឲ្យប្រជាពលរដ្ឋគ្រប់រូបភ្ញាក់រលឹកនាំគ្នាចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកស្របតាមសេចក្តីសំរេចរបស់អង្គការសហប្រជាជាតិស្តីពីទសវត្សន៍សុវត្តិភាពចរាចរណ៍ផ្លូវគោកគឺកាត់បន្ថយអ្នកស្លាប់បាន ៥០% នៅឆ្នាំ២០២០ ។
មិនតែប៉ុណ្ណោះការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍នាពេលនេះ គឺវាជាកាវាយជួងជាថ្មីម្តងទៀតឲ្យលាន់លឺសូររំពងសព្វទិសទីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យខិតខំផ្លាស់ប្តូរឥរិយាបថដែលមិនគោរពច្បាប់ មកកាន់ឥរិយាបថដែលមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ឬនៅពេលបើកបរយានយន្ត ៕ ដោយ ឈឿង ចាន់