កំពង់ឆ្នាំង៖លោកប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង និងមន្ដ្រីរាជការក្រោមឱវាទបាននិមន្ដព្រះសង្ឃសូត្រមន្ដលើករាសី ឧទ្ទិសកុសលជូនបុព្វការីជន ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅទី១៤ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃអង្គារ
១១រោច ខែចែត្រខាងមុខនេះ។ ពិធីនេះបានរៀបចំធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ នៅមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង។
លោកកែវពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំមន្ទីរនិងមន្ត្រីរាការទាំងអស់ តែងតែជួបជុំគ្នារៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងប្រគេនទ័យទានដល់ព្រះសង្ឃ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរពីបុរាណ នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមអោយទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសសូត្រមន្តនៅឆ្នាំនេះដែរមន្ត្រីរាជការក្នុងមន្ទីរទាំងអស់ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំមមែជាដើមនោះ សូមជួយប្រោះព្រហ្ម សិរីសួស្តី ជ័យមង្គលព្រះជន្មយឺនយូរ អាយុយឺនយូរ ឈ្នះរោគាទាំងឡាយ និងបួងសួងសុំសេចក្ដីសុខថ្វាយព្រះមហាក្សត្រ សម្ដេចម៉ែ សម្ដេចអគ្គមហាសេនាទាំងបីនិងសម្តេចកិតិព្រឹទ្ធបណ្ឌិតព្រមទាំងថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់។
នៅក្នុងកម្មវិធីនេះ លោកកែវ ពៅ ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីរាជការនិងមន្ត្រីចូលនិវត្តន៍របស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងចំនួន១៩៦នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦ម៉ឺនរៀលនិងសម្ភារៈមួយចំនួនទៀតផងដែរ៕




































