កំពង់ឆ្នាំង ៖ សាលាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ០៧រោច ខែចែត្រ ឆ្នាំមមី ឆស័ក្ត ព.ស ២៥៥៨ បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រហ្ម លើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ ក្នុងគោលបំណងសុំនៅពរជ័យ
សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីសុំជួយដល់ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ថ្នាក់ដឹក នាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំ ងសូមជួបតែសេចក្ដីសុខចម្រើនទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួនក្នុងឆ្នាំថ្មីនេះ។
ក្នុងពិធីសូត្រមន្តប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រារព្ធទៅក្រោមអធិបតីភាពរបស់ឯកឧត្តមឈួរច័នឌឿនអភិបាលខេត្ត និងលោកជំទាវ និងលោកជំទាវដោកសុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការអង្គភាពជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទយាយជីតាជី បានធ្វើពិធីបួងសួង និង សូមពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិអោយមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះជាពិសេសនៅខេត្តកំពង់ឆ្នាំងអោយទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
ក្នុងពិធីសូត្រមន្ត ប្រោះព្រំ លើករាសីទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា នៃកម្មវិធីរបៀបវារៈរបស់លោកតាអាចារ្យរួចមក ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនោះដែរ។ ឯកឧត្តមឈួរច័ន្ទឌឿន បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពលក្ខណៈមហាគ្រួសារដ៏ធំមួយនៃក្រុមគ្រួសារមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងបណ្ដាអង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្ដេចអគ្គមហាទាំងបីពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍន៍លើវិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។
ឯកឧត្តមក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍន៍ទីក្រុងស្អាតក្នុងនោះក្រុងកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់ ផ្ការំដួល៣២ទង ក្នុងចំណោមបេក្ខភាពទីក្រុងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ២៥ក្រុងទូទាំងប្រទេស។ . ឯកឧត្តម ឈួរច័ន្ទឌឿនអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹ កនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ក៏បានធ្វើការបួងសួងសូមឲ្យបារមីដ៏ស័ក្តិសិទ្ធិនៅលើទឹកដី ប្រវត្តិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងដែលមាន លោកតាដំបងដែក លោក យាយទេព ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅខេត្តកំពង់ឆ្នាំងទាំងអស់សូមយាង តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ ជាន់ថ្នាក់ ពិសេសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវីរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់ មូ លដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមែ សប្តស័ ក ដែលមានទេវតាព្រះនាម គោរក្សសាទេវី ដែលនឹងយាងចូលមកដល់នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០ ១៤ ត្រូវនឹងថ្ងៃ១១រោច ខែចែត្រ វេលាម៉ោង១៤និង១២នាទីសូមជួយប្រោះព្រំហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ ដល់អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ក្នុងឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃ និងសីលវន្តសីលវតី ធ្វើពិធីរាប់បាត្រ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ឋ មាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ។
នៅក្នុងពិធីនេះក៏មានការសម្ដែងនូវរបាំត្រុដិ ដើម្បីធ្វើការបណ្ដេញចេញនូវឧបទ្រពចង្រៃឆ្នាំចាស់និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មីបានទទួលជោគជ័យផងដែរ៕





































