សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយសូមជម្រាបជូនជនរួមជាតិឲ្យបានជ្រាបថា ការរាំចង្វាក់ ម៉ាឌីហ្សុន ជាក្រុមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guiness World Record ហើយកាលពីវេលាម៉ោង១៣ និង៥៣នាទីនាថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៥ នេះ។
ការរាំជាក្រុម ដែលមានអ្នកចូលរួមចំនួន ២,០១៥នាក់ ក្នុងរយៈពេល៥នាទីចាប់ពីម៉ោង ១១:៤៣នាទី ដល់ម៉ោង១១:៥៣នាទី ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ក្នុងន័យចង្កឹះមួយបាច់កាច់មិនបាក់ ហើយការរាំនេះក៏ចង់ផ្តល់វេទិកាមួយប្លែក និងមានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីនៃខេត្តសៀមរាប ។
បន្ទាប់ពីវិនិច្ឆ័យអស់រយៈពេលប្រមាណ២ម៉ោង លោកស្រី Seyda Subasi-Gemici ចៅក្រមនៃកំណត់ត្រាពិភពលោក Guiness World Record បានមានប្រសាសន៍ថា ការរាំចង្វាក់ ម៉ាឌីហ្សុន នៅទីលានជល់ដំរីបានជាប់កំណត់ត្រាពិភពលោក Guiness World Record ដែលធ្វើឲ្យអ្នករាំនិងអ្នកទស្សនារាប់ម៉ឺននាក់បានអបអរសាទរ និងសប្បាយរីករាយ។
គួរបញ្ជាក់ថា នេះជាកំណត់ត្រាពិភពលោកលើកទីពីរហើយក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីស្ថាប័ន Guiness World Record បានកត់នំអន្សមខ្មែរចូលក្នុងកំណត់ត្រាពិភពលោករបស់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០១៥ កន្លងទៅនេះ។
ការរាំចង្វាក់ ម៉ាឌីហ្សុននេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃព្រឹត្តិការណ៍អង្គរ
សង្ក្រាន្តឆ្នាំ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាបផ្ទះខ្ញុំ) បានរៀបចំឡើងដោយមានកិច្ចសហការពីសំណាក់ស្ថាប័នរដ្ឋ និងឯកជននានា៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៥
តាមរយៈទូរសព្ទលេខៈ ០១១៩៧៧៥៤៤ ឬតាមរយៈអ៊ីម៉េល: [email protected]