ខេត្តប៉ៃលិន៖ បុរសម្នាក់ បានរងរបួសធ្ងន់សន្លប់និងកន្លែង ក្រោយពីផឹកស្រាស្រវឹង រួចចូលដេកក្នុងផ្ទះ ក៏ត្រួវបានជនសង្ស័យដែលជាអ្នកជិតខាងម្នាក់ ចូលវ៉ៃដល់ក្នុងផ្ទះ រួចត្រួវបានអ្នកជិតខាងដឹកតាមរទេះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ហេតុការណ៏ចូលវ៉ៃដល់
ក្នុងផ្ទះ បណ្តាលឲ្យរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បុរសរងគ្រោះមានឈ្មោះ ម៉ោង ហ៊ីម អាយុ៣៤ឆ្នាំ ជាកសិករ រងរបួសចំក្បាលដេរ៧ថ្នេរ មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកព្រែកក្រាញ់ ខេត្តកណ្តាល ។ មានប្រពន្ធឈ្មោះសយ សុភា អាយុ៤០ឆ្នាំ មានកូន៣នាក់ ប្រុស១ ស្រី២ , បច្ចុប្បន្នរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ។ ចំណែកជនដៃដល់ឈ្មោះ រ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករ មានស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅក្នុងភូមិកើតហេតុជាមួយជនរងគ្រោះ ត្រួវបានរត់គេចខ្លួន បាត់ស្រមោល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស៊ីជាមួយអ្នកជិតខាង រហូតដល់ស្រវឹងស្រឿងៗ ក៏មានរឿងជាឈ្មោះដា រួចបានតោះពាក្យសំដីគ្នាបន្តិចបន្តួច រួចក៏រំសាយវិញ ។ ប្រភពព័ត៌មានបន្តថា៖ ក្រោយពីផឹករួច ជនរងគ្រោះបានត្រលប់ទៅផ្ទះ ដើម្បីសំរាក ,នៅពេលវេលាកើតហេតុស្រាប់តែជនដៃដល់ បានចូលក្នុងផ្ទះហើយ យកស្នាប់ដៃ វ៉ៃចំក្បាលជនរងគ្រោះ ឲ្យរបួសតែម្តង បន្ទាប់មកបានអ្នកជិតខាងជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។
ស្ត្រីឈ្មោះ សយ សុភា អាយុ៤០ឆ្នាំ ត្រួវជាប្រពន្ធបុរសរងគ្រោះ បានរៀបរាប់ថា៖ មុនពេលកើតហេតុប្រហែលម៉ោង៤ទៅម៉ោង៥ រសៀល ប្តីរបស់គាត់(ជនរងគ្រោះ) បានផឹកស៊ីជុំគ្នាជាមួយអ្នកជិតខាង ហើយក៏បានទាស់ពាក្យសំដីគ្នាជាមួយឈ្មោះដា ត្រួវជាបងប្អួនជនសង្ស័យ ប៉ុន្តែបានស្រុះស្រួលគ្នារួចហើយ ។ ប្រភពបន្តថា៖លុះវេលាម៉ោងប្រហែល៨ ប្តីរបសគាត់(ជនរងគ្រោះ) បានស្រវឹងស្រារួចក៏មកដេកនៅផ្ទះខ្លួន ពេលមកដល់ផ្ទះជនរងគ្រោះ បានឲ្យរូបគាត់ដួសបាយយកមកហូប ប៉ុន្តែរូបគាត់ថាចំបំប៉ៅដោះកូនរួចសិន ចំហូបជុំគ្នា ប៉ុន្តែមិនទាន់បានហូបបាយផង ស្រាប់តែជនដៃដល់ បានរុញទ្វា ហើយឆួលពិលពេលក្នុងផ្ទះ រួចក៏ឆួលមកលើប្តីរបសគាត់ ព្រមទាំងយកស្នាប់ដៃវ៉ៃចំក្បាលប្តីរបសគាត់ ដេរអស់ចំនួន៧ថ្នេរ ។ ប្រភពបន្តថា៖ បន្ទាប់ពីវ៉ៃប្តីគាត់ហើយ ជនដៃដល់ បានរត់ចេញមកក្រៅ ពេលរូបគាត់បានដេញតាម រួចក៏ចាប់ដៃជនសង្ស័យបាន ក្នុងពេលនោះជនរងគ្រោះ ឃើញជនសង្ស័យនៅគៀនប្រពន្ធ ដោយខ្លាចត្រួវជនសង្ស័យវ៉ៃដែរ ក៏ងើបទៅជួយ ប៉ុន្តែដោយសារខ្លួនស្រវឹង ក៏មិនអាចជួយបាន ព្រមទាំងរបួសធ្ងន់ ក៏សន្លប់នៅខាងក្រៅផ្ទះ ។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រួវបានអ្នកជិតខាង ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនដៃដល់ ត្រួវបានរត់គេចខ្លួនបាត់ស្រមោល ទាំងគ្រួសារ ក្នុងពេលនោះដែរ៕



































