ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ផ្នែកចង្កេះ និងម្នាក់ទៀតរលាត់ដៃជើងស្រាល ត្រូវសមត្ថកិច្ចចរាចរណ៍ជើងគោកខេត្ត ដឹកបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលឱ្យរថយន្តដែលបើកពីក្រោយ បុកចំ
ពេញទំហឹង រងរបួសតែម្តង ចំណែកឯម៉ូតូត្រូវកៀបជាប់នឹងរថយន្តបន្តអូសប្រហែលជា៤០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១០ មេសា ២០១៥ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុង ភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៏ទី១-ឈ្មោះជួន រី ហៅញ៉ាញ់ អាយុ៣៣ឆ្នាំ ជាអ្នកទិញអេតចាយ របួសផ្នែកចង្កេះធ្ងន់ធ្ងរ ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខបាត់ដំបង 1I- 8380 រងការខូចខាតទាំងស្រុង និងទី២ -ឈ្មោះសឿង ម៉ង់ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នករួមដំណើរ រងរបួសរយះដៃជើងស្រាល ទាំង២នាក់រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកអ្នកបើកបររថយន្តឈ្មោះឡាង ដាលីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើករថយន្តម៉ាកកាមរីពណ៌ស្លែ ស៊េរីឆ្នាំ៩៥ ពាក់ស្លាកលេខ 2Z- 4867 រងការខូចខាតផ្នែកខាងឆ្វេងស្រាល ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរស២នាក់បានជិះម៉ូតូក្នុងទិសដៅពីលិច ទៅកើតតាមបណ្តោយផ្លូវលំ ហើយក៏ឆ្លងចូលផ្លូវជាតិលេខ៥៧ តែដោយមិនបានមើលឆ្វេងស្តាំ ក៏កាច់ស៊ីញ៉ូភ្លាមបត់ទៅទិសខាងជើងភ្លាម បណ្តាលឱ្យរថយន្តដែលបើកមកពីខាងត្បូងបុកចំពីក្រោយយ៉ាងពេញទំហឹងរងរបួសធ្ងន់ស្រាលទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួច ជនរងគ្រោះត្រូវគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចនគរបាលចរាចរអូសយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕




































