ខេត្តសៀមរាប៖ បទល្មើសព្រៃឈើនៅស្រុកវ៉ារិនគេសង្កេតឃើញកើតមានជាយូរយាណាស់មកហើយ ដោយគេដាក់ការសង្ស័យថា សមត្ថកិច្ចនៅតំបន់នោះជាអ្នកបើកភ្លើងខៀវ ជាក់ស្តែងគោយន្តដឹកឈើជាច្រើនគ្រឿងរបស់ឈ្មួញដុះស្លែឈ្មោះ រិទ្ធ ដែលដឹកចេញពីភូមិសាស្ត្រអូរអាកុកឆ្ពោះមកចែកចាយនៅស្រុកអង្គរជុំ មិនត្រូវបានសមត្ថកិច្ចជំនាញណាមួយចុះបង្ក្រាបសោះឡើយ។
ប្រភពពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថា ជារៀងរាល់យប់មានគោយន្តរាប់សិបគ្រឿងដឹកឆ្លងកាត់ស្នាក់ការជាច្រើនរបស់សមត្ថកិច្ចនៅតំបន់ស្រែណូយ ជាពិសេសឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ។ប្រភពបានបន្តឲ្យដឹងទៀតថា ឈ្មួញឈើដែលដឹងច្រើនជាងគេគឺឈ្មួញឈ្មោះ រិទ្ធ ហើយបើតាមប្រភពច្បាស់ការឈ្មោះរិទ្ធនេះ គឺជាអ្នកមានអំណាច និងជាមន្ត្រីមួយរូបផងដែរនៅស្រុកវ៉ារិន។ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះរិទ្ធនេះពេលដឹកឈើចេញម្តងៗតែងតែបង់លុយឲ្យសមត្ថកិច្ចចំរុះនៅស្រុកវ៉ារិនជាប្រចាំដោយមិនហ៊ានរំលងសមត្ថកិច្ចម្តងណាឡើយ ទើបមុរបរដឹកជញ្ជូនឈើរបស់គាត់នោះបានដោយភាពជោគជ័យជារៀងរហូត ដោយពុំមានសមត្ថកិច្ចណាម្នាក់ហ៊ានដេញដោល។
ទាក់ទិននិងករណីនេះដែរ លោក ខុង សារ៉ាត់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយទទួលបន្ទុករួម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ខែមេសាថា ឈ្មោះរិទ្ធនេះមានរោងសិប្បកម្មមួយដែលមានច្បាប់ត្រឹមត្រូវ ប៉ុន្តែរឿងដឹកជញ្ជូនឈើតាមគោយន្តនោះលោកពុំបានដឹងទេ ដោយលោកនិយាយតាមទូរស័ព្ទប្រាប់ថា លោកកំពុងជាប់រវល់។
ចំណែកឈ្មោះរិទ្ធដែលជាឈ្មួញឈើនិងជាមន្ត្រីរាជការនៅស្រុកវ៉ារិនផងនោះមិនអាចទាក់ទងសូមការបំភ្លឺនៅព្រឹកថ្ងៃទី១១ខែមេសានោះបានទេដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
សូមរំលឹកថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើត្រូវបានគេសង្កេតឃើញថា ស្រុកវ៉ារិនជាប់ចំណាត់ថ្នាក់លេខ១ខាងកាប់បំផ្លាញព្រៃឈើ ព្រោះនរណាក៏ដឹងដែរថា នៅស្រុកវ៉ារិនជាស្រុកមួយដែលសំបូរឈើជាងគេ ហើយបច្ចុប្បន្នត្រូវបានគេមើលឃើញថាជិតក្លាយជាវាលរហោឋានទៅហើយ៕