ក្រុងភើតៈ ការរុករកកំពុងតែបន្តនៃជើងហោះហើរMH 370 ដែលបាត់ ត្រូវបានលើកកម្ពស់ពីថ្ងៃពុធជាមួយការទៅដល់របស់នាវាមុជទឹក អង់គ្លេសនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែប៉ូលិសម៉ាឡេស៊ី បានព្រមានថា មូលហេតុនៃការបាត់ខ្លួនដ៏អាថ៌កំបាំងនេះគេនឹងមិនអាចដឹងបានទេ ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ទៅបំពេញទស្សនកិច្ច ប្រទេសអូស្ត្រាលី ។
ថ្វីបើមានការពង្រីកការរុករកក្នុង តំបន់ទឹកដាច់ស្រយាលនៃមហាសមុទ្រឥណ្ឌារបស់ក្រុមយន្តហោះ និងនាវានៅភាគនិរតីក្រុងភើតជាទីដែលម៉ាឡេស៊ីជឿថាយន្តហោះនោះបាន ធា្លក់ក្ដី ក៏គេពុំបានរកឃើញអ្វីដែលនឹងបង្ហាញពីទីតាំងធ្លាក់យន្តហោះឡើយ។ ប្រមុខ ប៉ូលិសម៉ាឡេស៊ីលោក Khalid Abu Bakarបាននិយាយថា ការស៊ើបអង្កេតព្រហ្មទណ្ឌ៣សប្ដាហ៍រកមូលហេតុដែលបានបង្កឲ្យជើងហោះហើរនេះ បង្វែរទិសឆ្ងាយពីផ្លូវត្រូវហោះហើររបស់ខ្លួន រវាងក្រុងគូឡាឡាំពួ និងក្រុងប៉េកាំង រហូតមកទល់ពេលនេះ គ្មានបានការអ្វីសោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Dow Jones Newswires ឲ្យដឹងថា៖ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រុងគូឡាឡាំពួថា ៖«ទុកពេលឲ្យយើងថែមទៀត។ យើងអាចមិនដឹងសូម្បីតែមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ»។ យន្តហោះ ១០គ្រឿង និងនាវា៩គ្រឿងបានចាប់ផ្ដើមការប្រមាញ់ពីថ្ងៃពុធ ហើយជាការលើកកម្ពស់ដល់កិច្ចប្រឹងប្រែងរុករក ទ័ពជើងទឹកអង់គ្លេសបាននិយាយថា នាវាមុជទឹក HMS Tireless បានមកដល់តំបន់សមុទ្រត្រូវរុករកហើយ៕