ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្ត ដែលដឹកនាំផ្ទាល់ដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានធ្វើសកម្មភាពចាប់ឈើប្រភេទស្តុបទុកខុសច្បាប់នៅក្នុងផ្ទះឈ្មួញឈើដុះស្លែឈ្មោះយាយពៅ ។ហេតុការចុះបង្ក្រាបធ្វើឡើងនៅ
វេលាម៉ោង៨ព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០១៥ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានប្រាប់ឲ្យដឹងថា កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដែលដឹកនាំផ្ទាល់ដោយលោក ឯម មុន្នី នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាបនិងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនិងសង្កាត់រដ្ឋបាលព្រៃឈើបាគង ក្រោមការបញ្ជារផ្ទាល់ដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។លោកបន្តថា ការចុះបង្ក្រាបទីតាំងស្តុបឈើប្រណិតប្រភេទធ្នង់,បេង,ខុសច្បាប់ចំនួនសរុបជាង៣ម៉ែត្រគូប។ លោកបន្ថែមថា ក្នុងប្រត្តិបត្តិការនោះទទួលបានជោគជ័យ ដោយសារកម្លាំងជំនាញទទួលបានព័ត៌មានច្បាស់ការ ទើបសហការធ្វើការបំបែកករណីនេះបានសម្រេច។ លោកបន្ថែមទៀតថា វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញប្រមូលយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រីឯម្ចាស់ផ្ទះឈ្មោះយាយពៅ មិនត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនោះទេ ដោយសារ យាយពៅឆ្លើយថា ជាឈើគេផ្ញើទេ។
ប្រភពបានបង្ហើបឲ្យដឹងថា មុនពេលឈានទៅដល់ការចាប់យកឈើនោះ មានអ្នកកាសែតម្នាក់ឈ្មោះ រ៉ា បានទៅដល់ផ្ទះយាយពៅ មុនសមត្ថកិច្ច ប៉ុន្តែទំនងជាចរចាគ្នាមិនត្រូវ ទើបរាយការមកជំនាញតែម្តង៕




































