កំពង់ឆ្នាំ៖យប់កន្លងមកនៅវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ម្ចាស់ហាងការ៉ាអូខេទាំង៦កន្លែង សិ្ថតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងម្ចាស់ហាងខារាអូខេទាំង៦នាក់ បានមកទទួលការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើ
អាជីវកម្មហួសម៉ោងកំណត់ ដោយមិនត្រូវអោយឭសំឡេងចេញមកក្រៅទៀតឡើយតាមការកោះហៅរបស់នាយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង តាមបញ្ជាររបស់លោក អភិបាលក្រុងកំពង់ឆ្នាំង។
នៅចំពោះមុខអ្នកសារព័ត៌មាន លោកនាយប៉ុស្តិបានធ្វើការណែនាំម្ចាស់ហាងការ៉ាអូខេទាំង៦កន្លែងនោះថា៖ដើម្បីគោរពទៅតាមល័ក្ខខ័ណ្ឌ នៃការបើកមណ្ឌលកំសាន្តមនុស្សពេញវ័យ ក៍ដូចជាការជៀសវាងបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលជាអ្នកជិតខាងនោះ អ្នកប្រកបមុខរបរហាងការ៉ាអូខេទាំង៦ ត្រូវបិទបាំងសំឡេងច្រៀងកុំអោយឭចេញមកខាងក្រៅបង្កការរំខានដល់អ្នកដទៃត្រូវត្រួតពិនិត្យជាប្រចាំរាល់ភ្ញៀវដែលចេញចូលច្រៀងកន្លែងរបស់ខ្លួន ត្រូវតាមដានកុំអោយមានការចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ និងត្រូវបញ្ឈប់ការធ្វើអាជីវកម្មត្រឹមម៉ោង១២ពាក់កណ្តាលយប់ ប្រសិនបើមិនគោរពតាមកិច្ចសន្យាទេនោះ និងត្រូវប្រឈមមុខនឹងការបិទការធ្វើអាជីវកម្ម។ក្រោយពីស្តាប់នូវការណែនាំរបស់លោកនាយប៉ុស្តិនគរបាលរដ្ឋបាលកំពង់ឆ្នាំងរួចមក ម្ចាស់ហាងទាំង៦បានផ្តិតមេដៃលើកិច្ចសន្យាព្រមគោរពតាមគោលការរបស់សមត្ថកិច្ច។
សូមបញ្ជាក់ថា៖ហាងការ៉ាអូខេទាំង៦នោះរួមមានឈ្មោះ ១ លី ចាន់តូ៤៤៤៤(មានម្ចាស់ជាមន្ត្រីនគរបាលខេត្ត), ២ សិលា, ៣ ឃាតា, ៤ ចរិយា៨៩មានមាន, ៥ សុខ ហេង, និងទី៦ហាង៣៣៣ ដែលកន្លងមកពួកគាត់បានធ្វើអាជីវកម្មរំខានចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង២ឬដល់៣ទៀបភ្លឺទើបគេបញ្ឈប់។ ដោយឡែកសំលេងការ៉ាអូខេវិញបានលឺចេញមកក្រៅ និងអ្នកច្រៀងផឹកស្រវឹងមួយចំនួនបានស្រែកឡូឡាដោយគ្មានខ្លាចក្រែងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅជិតខាងទៀតផង ទើបអ្នកស្រុកមានប្រតិកម្មសំណូមពរអោយអ្នកកាសែតយើងជួយ។
លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ លោកបានអោយសមត្ថកិច្ចកោះហៅម្ចាស់ហាងការ៉ាអូខេទាំង៦កន្លែងនោះ មកធ្វើកិច្ចសន្យាជាមួយអោយបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មហួសម៉ោងកំណត់ និងបញ្ហាដទៃទៀត ដែលនាំអោយប៉ះពាល់ដល់សន្តិសុខ និងសុខមាលភាពប្រជាពលរដ្ឋ។ប្រសិនបើនៅតែបន្តបើក ដោយមិនអនុវត្តតាមគោលការណ៍ក្នុងកិច្ចសន្យាទេនោះ សាលាក្រុងនិងមានវិធានការណ៍ច្បាប់ ចុះបិទការធ្វើអាជីវកម្មទាំងនោះតែម្តង៕




































