ខេត្តពោធិ៍សាត់៖ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ រោងម៉ាងស៊ីនកិនស្រូវ ឋិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្ដពោធិ៍សាត់ យុវជន៣នាក់ រងរបួសធ្ងន់រដូករណែល ខណៈពួកគេធ្វើដំណើររួមគ្នា ស្រាប់តែមានគ្រឿងចក្របើកចេញពី រោងម៉ាស៊ីនកិន
ស្រូវឆ្លងផ្លូវបណ្ដាលឱ្យ ភាគីខាងម៉ូតូបុកពេញទំហឹង។
ប្រភពព័ត៌មានពីនគរបាលចរាចរ ខេត្ដពោធិ៍សាត់បានឱ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ ១-ឈ្មោះ គាត សុភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ដង្កាបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន អ្នកបើកបរ, ទី២-ឈ្មោះ សន វិត ភេទ ប្រុស អាយុ២២ឆ្នាំ និងទី៣-ឈ្មោះ វិន ចាន់គឿន ភេទប្រុស អាយុ១៥ឆ្នាំ អ្នករួមដំណើរទាំង២នាក់ រស់នៅភូមិជំរំ សៀម សង្កាត់លលក.ស ក្រុង-ខេត្ដ ពោធិ៍សាត់ ។
ប្រភពព័ត៌មានបន្ដទៀតថា អ្នករងរបួសធ្ងន់ទាំង៣នាក់ ធ្វើដំណើររួមគ្នាដោយជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្ល៊ែដពណ៌ ខ្មៅលាយកណ្ដុរល្មែះ គ្មានស្លាកលេខបាន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ មានគ្រឿងចក្របើកចេញពីរោងម៉ាស៊ីន កិនស្រូវរបស់ថៅកែឈ្មោះគន ចាំងម៉េង យ៉ាងលឿនឆ្លងផ្លូវក្នុងទិសដៅពីជើងទៅ ត្បូងដែលជាហេតុធ្វើឱ្យអ្នកជិះម៉ូតូជ្រុល ទៅបុកចំប៉ែលគ្រឿងចក្រពេញទំហឹង ដួលរដូករណែល ហើយត្រូវបានគេជួយដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ដពោធិ៍សាត់ភ្លាមៗផងដែរ ។ ចំណែកអ្នកបើកបរគ្រឿងចក្រ ត្រូវបានប្រភពព័ត៌មានផ្សេងៗទៀត បង្ហើបឱ្យដឹងថា មនុស្ស ស្រីជាអ្នកបើកបរ ប៉ុន្ដែស្ថិតក្នុងការស្រាវ ជ្រាវនៅឡើយ ។ តែទោះជាយ៉ាងណាក៏ ដោយក៏គេបានស្គាលគ្រឿងចក្រថា ជា របស់ថៅកែឈ្មោះគន ចាំងម៉េង ជាអ្នក មានទ្រព្យសម្បត្ដិម្នាក់នៅខេត្ដពោធិ៍ សាត់នេះ។
ម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ហើយគ្រឿងចក្រយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្ដពោធិ៍សាត់ រង់ចាំដោះស្រាយតាមនីតិវិធី ៕




































