ខេត្តសៀមរាប៖ យ៉ាងហោចណាស់ មានមនុស្ស ក្មេងចាស់ ប្រុសស្រី ជិត៣០នាក់ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានពុលនំប៉ុង ដាក់សាច់ ខណៈពួកគេបានទិញនំបុ័ងដាក់សាច់ហូបពីអ្នកជិះម៉ូតូដើរលក់តាមផ្លូវ។
ហេតុការណ៍ពុលនំបុ័ងដាក់សាច់នេះ កើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីពលរដ្ឋបានឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ពិតជាមានករណីប្រជាពលរដ្ឋពុលនំប៉ុងដាក់សាច់ពិតប្រាកដមែន ហើយត្រូវបាន គេដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកសូទ្រនិគម ប៉ុន្តែពុំបណ្តាលឲ្យមាននរណាម្នាក់ស្លាប់នោះទេ។
ប្រភពពីមន្ត្រីឃុំកំពង់ឃ្លាំង បានឲ្យដឹងដែរថា មានប្រជាពលរដ្ឋ ពុលនំប៉ុងដាក់សាច់នៅក្នុងភូមិមុខវត្ត ឃុំកំពង់ឃ្លាំងមែន ប៉ុន្តែមានតែ១ភូមិតែ ប៉ុណ្ណោះ គឺភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ដែលមានអ្នកភូមិពុល សរុប ២៨នាក់ ក្នុងនោះមានប្រុសចំនួន៦នាក់ ។មន្ត្រីឃុំដដែល បានបន្ថែមថា ការពុលនោះមិនដឹងថា មកពីមូលហេតុសាច់ជ្រូកឬជ្រក់ត្រសក់ ឬនំប៉ុងនោះទេ ហើយទៀតសោត អ្នកលក់ គឺជាអ្នកជិះម៉ូតូលក់។មន្ត្រីថា ការទិញ នំប៉ុង ហូបនោះ នៅម៉ោង ប្រមាណ ជាង៣រសៀលថ្ងៃ ទី២១ខែមេសា ឆ្នាំ២០១៥ ប៉ុន្តែ ករណីនេះរហូត ដល់ម៉ោង ៩យប់ទើប មានអាការះពុល។ទោះយ៉ាងណាមន្ត្រីរូបនោះបន្ថែមថា ពុំមានការ បាត់បងជីវិត មនុស្សណាម្នាក់ បណ្ដាលឲ្យស្លាប់ នោះឡើយ ហើយ មកដល់ព្រឹក ថ្ងៃទី២២នេះ អ្នកភូមិដែលពុល នំបុ័ងដាក់សាច់នោះ ធូស្រាល វិលត្រឡប់ ទៅផ្ទះវិញ អស់ហើយ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៧,២៨ ខែមិនាឆ្នាំ២០១៥ មានករណីពុលនំប៉ុងដាក់សាច់ ជាង៦០០នាក់ មានចាស់,ក្មេង នៅឃុំពង្រលើ ស្រុក ជីក្រែង ខេត្តសៀមរាប ប៉ុន្តែមិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ អាយុជិវិតម្នាក់ឡើយ បច្ចុប្បន្នពុលម្តងទៀតហើយនៅស្រុកសូទ្រនិគម ដោយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ៕



































