សៀមរាប កាលពីវេលាម៉ោង១៤ និង៤០នាទី នាថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ នៅលើទឹកដីភូមិសាស្ត្រខេត្តសៀមរាប មានទទួលរងដោយគ្រោះធម្មជាតិ ដោយខ្យល់កន្ទ្រាក់ បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាជនក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ទទួលរងការខូចខាត និង មានការបាក់បង្គោលភ្លើងចំនួន ២៦ដើម នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ។
តាមការបញ្ជាក់របស់លោក គង់ ពុទ្ធី ប្រធានអង្គភាពអគ្គិសនីខេត្ត បានឲ្យដឹងថា នៅពេលដែលមានខ្យល់ និងភ្លៀងមួយមេយ៉ាងធំកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ លុះនៅវេលាម៉ោង១៧ និង២០នាទី ចរន្តអគ្គិសនីនៅ ទូទាំងខេត្តសៀមរាប ត្រូវបានដាច់ទាំងស្រុង ដែលបង្កឡើងដោយខ្យល់កន្ទ្រាក់ ដែលបានធ្វើឲ្យបង្គោលភ្លើងតុងស្យុង ខ្ពស់ ទទួលរងការបាក់ដល់ដីដែលមានចំនួនសរុប ២៦ដើម ក្នុងនោះនៅលើភូមិសាស្ត្រក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបចំនួន ១៦ ដើម និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាជ័យ ចំនួន ១០ដើម ។ លោកក៏បានឲ្យដឹងផងដែរ ថា ក្រៅពីការបាក់បង្គោលតុងស្យុងខ្ពស់ ក៏មានបង្គោលតុងស្យុងទាប បានដួលបាក់ខូចខាតជាច្រើនដើមផងដែរ តែ មិនបានបង្កឲ្យមានការប៉ះពាល់គ្រោះថ្នាក់ដល់ជនណាម្នាក់ឡើយ ។ លោក គង់ ពុទ្ធី ក៏បានឲ្យដឹងផងដែរថា ក្រោយ ពីកើននូវបញ្ហាខាងលើនេះ អង្គភាពអគ្គិសនីខេត្ត ក៏បានប្រើប្រាស់នូវថាមពលអគ្គិសនី ដែលមានកម្លាំងថាមពល ១០ ម៉េកាវ៉ាត់ ជាគ្រឿងចក្រអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការផ្គត់ផ្គង់ថាមពលជូនប្រជាពលរដ្ឋក្នុងក្រុង ដោយធ្វើការផ្លាស់ប្តូរវេនក្នុងការប្រើប្រាស់ តែក៏ត្រូវផ្តល់នូវអតិភាពដល់មន្ទីរពេទ្យផងដែរ ។ តាមការបញ្ជាក់របស់ លោកប្រធានអង្គភាពអគ្គិសនីបានឲ្យដឹងថា ពេលនេះអង្គភាពអគ្គិសនីបានបញ្ចុះនូវកម្លាំងបច្ចេកទេស និង កម្មករ ប្រមាណជាង២០០នាក់ ក្នុងការតភ្ជាប់ចរន្តអគ្គិសនីឲ្យបានដំណើរការឡើងវិញ ក្នុងរយៈពេល០៥ថ្ងៃ ក្នុងការពន្លឿនឲ្យឆាប់បានដំណើរការឡើងវិញផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក ជឿន ជាន អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងហេតុការណ៍ ខ្យល់កន្ទ្រាក់នេះដែរ បានធ្វើឲ្យឃុំចំនួន៣ របស់ស្រុកក្រឡាញ់ មានភូមិចំនួន ១១ បានទទួលរងគ្រោះដោយខ្យល់ កន្ទ្រាក់ ដែលបានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាជន រលំអស់០៥ខ្នង បើងដំបូល ៣៤ខ្នង ខូចខាតរថយន្ត ០២គ្រឿង និង គោយន្តកែច្នៃ ០១គ្រឿង របួសស្រាលមនុស្ស ០២នាក់ ព្រមទាំងបាក់រលំផ្លាកប៉ាណូពាណិជ្ជកម្ម និង ផ្លាកគណបក្ស និង បង្គោលភ្លើង ១៦ដើមផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ក៏បានឲ្យដឹងផងដែរថា ក្នុងហេតុការណ៍ខ្យល់កន្ទ្រាក់នេះដែរ ក្នុងភូមិសាស្ត្រក្រុងសៀមរាប រលំផ្ទះអស់០២ខ្នង ទ្រេត ០៣ខ្នង និង របើកដំបូល ២៥ ខ្នងផងដែរ ។



































