កំពង់ឆ្នាំង៖អ្នកបើករថយន្តឡុចសីសRX300ម្នាក់ត្រូវតុលាការខេត្តកំពង់ឆ្នាំងឃុំខ្លួននៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីសម្របសម្រួលមិនត្រូវគ្នា ជាមួយគ្រួសារជនរងគ្រោះ ក្រោយពីអ្នកបើកបររថយន្តនោះ បានបើករថយន្តគៀរម៉ូតូយុវនារីជាសិស្សថ្នាក់ទី១០
ម្នាក់ ធ្វើអោយនាងដួលចូលក្រោមរថយន្ត ហើយត្រូវរថយន្តហាយឡិនឌ័របុកគូថឡុចសីសពីក្រោយ ធ្វើអោយរថយន្តឡុចសីសអូសនារីរងគ្រោះក្រោយរថយន្តជាង២០ម៉ែត្ររងរបួសធ្ងន់ ករណីគ្រោះថ្នាក់នេះបានកើតឡើងម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៏ផ្លូវគោកខេត្តបាននិយាយអោយដឹងថា៖យុវសិស្សរងគ្រោះមានឈ្មោះ ឌឹម មុនីកែវ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០វិទ្យាល័យព្រះស៊ីសុវត្តិ ក្រុងភ្នំពេញ រស់នៅក្នុងភូមិជ័យជំនះ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ ជិះម៉ូតូម៉ាកហ្វីណូ ពណ៌សខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-2022។ចំណែករថយន្តបង្ក ទី១ម៉ាក ឡុចស៊ីសធន់តូច ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3934 បើកបរដោយឈ្មោះ ឆាយ រំភើយ អាយុ ៤៤ឆ្នាំរស់នៅភូមិកុយដាំរាំ ឃុំដាំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ រថយន្តបង្កទី២ម៉ាក ហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Z- 3442 បើកបរដោយឈ្មោះ វ៉ែន ឌឿន អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុសាលាក្រៅ ខេត្តប៉ៃលិន ។
មុនពេលកើតហេតុយុវសិស្សរងគ្រោះបានជិះម៉ូតូ១គ្នា៣នាក់ ជាមួយនិងម៉ូតូ៣គ្រឿងទៀតត្រូវជាបងប្អូនធ្វើដំណើរពីភ្នំពេញទៅខេត្តពោធិសាត់។លុះមកដល់កន្លែងកើតហេតុ រថយន្តឡុចស៊ីស ដែលបានបើកក្នុងទិសបញ្ច្រាស់គ្នា បានបើកជែងរថយន្តធំមួយគ្រឿងទៀតក្នុងទិសស្របគ្នា ក្នុងពេលម៉ូតូជនរងគ្រោះក៍បានបើកមកដល់ទន្ទឹមគ្នានេះដែរ ហើយបានកៀរម៉ូតូដួលនាចូលក្រោមរថយន្ត ខណៈនោះដែររថយន្តហាយឡេនឌ័រមួយគ្រឿងទៀតបានបុកគូថរថយន្តឡិចស៊ីស អូសជនរងគ្រោះចម្ងាយប្រមាណជាង២០ម៉ែត្រ ទើបរថយន្តឈប់បណ្តាលអោយជនរងគ្រោះបោកត្រឡប់ត្រឡិន និងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់មកបានដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យលោកសង្ឃង ក្រុងភ្នំពេញ។ចំណែកករថយន្តបង្កទាំង២គ្រឿង និងអ្នកបើកបររថយន្តទាំង២នាក់ ត្រូវបានសមត្ថកិច្ចស្រុករលាប្អៀរ សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តនាំខ្លួនមក កាន់ស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹងថា៖ភាគីអាណាព្យាបាលយុវសិស្សរងគ្រោះបានទាមសំណងខូចខាតម៉ូតូនិងព្យាបាលរបួសចំនួន៧ពាន់ដុល្លា ក្រោយមកចុះត្រឹម៥ដុល្លា ចំណែកភាគីរថយន្តឡុចសីសមានលទ្ធភាពសងប្រមាណ៥០០ដុល្លាតែប៉ុណ្ណោះ។ដោយភាគីទាង២សម្របសម្រួលមិនត្រូវរ៉ូវគ្នា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
អ្នកបើកបររថយន្តឡុចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3934 ឈ្មោះ ឆាយ រំភើយ អា យុ៤៤ឆ្នាំរស់នៅភូមិកុយដាំរាំ ឃុំដាំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និងត្រូវតុលាកាខេត្តឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តនៅរសៀសថ្ងៃទិ២៥ ខែមេសា ឆ្នាំ២០១៥។
ដោយឡែករថយន្តបង្កទី២ម៉ាក ហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Z- 3442 ត្រូវបានសមត្ថកិច្ចរក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ចំណែកបើកបរឈ្មោះ វ៉ែន ឌឿន អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុសាលាក្រៅ ខេត្តប៉ៃលិន មិនត្រូវបានឃុំខ្លួនទេ ប៉ុន្តែរូបគេត្រូវសងការខូចខាតទៅអោយម្ចាស់រថយន្តឡុចសីសព្រោះតែបានបើកបុកគូថគេ៕ 




































