ខេត្តកណ្តាល: ជនសង្ស័យប្រុស ស្រី ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៧នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅនិងកន្លែង ក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំមួយទីតាំងចំនួនប្រាំ ។ ព្រឹត្តការណ៍បង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំមួយនេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៧ ខែ
មេសា ឆ្នាំ២០១៥ នៅទីតាំងចំនួន៥ផ្សេងគ្នា គឺ៤ទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមួយទីតាំងទៀត ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យទាំងប្រុស ទាំងស្រី បានចំនួន៧នាក់ ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានមានប្រសាសន៍ថា មុននឹងឈានទៅកំណត់មុខសញ្ញា និងចុះបង្ក្រាបនេះ យើងបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយូរមកហើយ និងបានចំណាយពេល៥ថ្ងៃ ទើបបង្ក្រាបបាន ប៉ុន្តែគួរឱ្យសោកស្តា យមេក្លោងត្រូវបានរត់គេចខ្លួន មុនពេលដែលសមត្ថកិច្ចយើង បានទៅដល់ ហើយប្រតិបត្តិការនេះ គឺយើងធ្វើឡើងចំនួន៥ទីតាំង ៤នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងមួយកន្លែងទៀត នៅផ្លូវលេច៣៧១ ( ដោយសហការណ៍ជាមួយកម្លាំងនគរបាល រាជធានីភ្នំពេញ) ។ ក្នុងនោះឃាត់ខ្លួន នៅកំពង់ស្វាយចំនួន៥នាក់ ទីមួយឈ្មោះ ទួន ទូច ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ទី២ ឈ្មោះ គ្រី ឌីណា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ទី៣ ឈ្មោះ ស៊ឹម ណារា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៤ ឈ្មោះ ផាន សុបញ្ញា ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិដកក្រាម សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងទី៥ ឈ្មោះ សោម ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកដូង ឃុំកំពង់ស្វាយ ។
ចំណែកឯ២នាក់ទៀត ឃាត់ខ្លួននៅសង្កាត់បឹងទំពុន ទី១ឈ្មោះ ថុង ការ ភេទប្រុស អាយុ២៤ឆ្នាំ និងទី២ឈ្មោះនៅ ស្រីអូន ភេទស្រី អាយុ៤០ឆ្នាំ ។
ជាមួយគ្នានោះដែរ យើងបានដកហូតវត្ថុតាងម៉ូតូ ចំនួន១០គ្រឿង គឺនៅកំពង់ស្វាយ ចំនួន៤គ្រឿង និងនៅបឹងទំពុន ចំនួន៦គ្រឿង ស្លាកលេខម៉ូតូចំនួន៩ ក្នុងនោះ៧ស្លាកលេខ ត្រូវបានកែ ទូរស័ព្ទដៃចំនួន១៣គ្រឿង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន៧ បណ្ណសំគាល់ម៉ូតូចំនួនមួយ និងបណ្ណសម្គាល់រថយន្ត ម៉ាកកាមរីមួយ ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៣០ដុល្លារ ដាវសាម៉ូរ៉ៃមួយ កណ្តៀវ២ តួណឺវ៉ីសតូចចំនួន៤ កន្ត្រៃ៤ សឺរ៉ាងមួយ និងម្ជុលចាក់ថ្នាំចំនួន៣ និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនធំ ព្រមទាំងវត្ថុតាងមួយប្រអប់ធំទៀត ដែលដកហូតពីទីតាំងនៅសង្កាត់បឹងទំពុន មិនទាន់បើកត្រួតពិនិត្យ ហើយបច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ កំពុងត្រូវបានសាកសួរបន្ត នៅការិយាល័យប្រឆាំងការជួយដូរគ្រឿងញៀន ខេត្តកណ្តាល ៕




































