ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយសារតែរថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរណ៍ បើកក្នុងល្បឿនលឿន រ៉េចង្កូតទៅបុករៈម៉ូតូចំនួន៣គ្រឿង និងរ៉ឺម៉កមួយគ្រឿង បណ្តាលឲ្យមនុស្សចំនួន២នាក់ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង៥នាក់ទៀត
បានរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខសាលាបឋមសិក្សាក្តីតាកុយ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ងាំ ប៉ុនថន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកដំ ឃុំក្បាលកោះ ស្រុក គៀនស្វាយ ខេត្តកណ្តាល ទី២ឈ្មោះ វ៉ាន ភេទស្រី អាយុ៤២ ស្នាក់នៅភូមិកណ្តាលក្រោម ស្រុកគៀនស្វាយ ខេត្ត កណ្តាល ។
ចំណែកនាក់រងរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-1530 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដែលចេញពីប្រទេសវៀតណាម មកក្រុងភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតបុករ៉ឺម៉កកង់បី ហើយអូសទៅបុករៈនិងម៉ូតូចំនួន៣គ្រឿងទៀត ដែលធ្វើដំណើរបញ្ជ្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រី ចំនួន៥នាក់រងរបួសធ្ងន់ និង២នាក់ទៀត បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ យ៉ាងអានោចអាធម៍តែម្តង ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែចាប់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច រីឯនាក់រងរបួស ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕




































